(កណ្តាល)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ លោក ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាម្ចាស់ផ្ទះជួលទាំង៦៩ ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រកាសជួយដល់ក្រុមកម្មករកម្មការនីបន្ថែមទៀត ដែលបាននិងកំពុងជួលបន្ទប់របស់លោកស្នាក់នៅ នោះគឺជួយចេញថ្លៃភ្លើង ថ្លៃទឹក ព្រមទាំងឧបត្ថម្ភម៉ាសពាក់ជាប្រចាំដើម្បីការពារជំងឺកូវីដ១៩ទៀតផង។
ការបន្ថែម និងជួយសម្រាលបន្ទុកដល់បងប្អូនកម្មករកម្មការនីទៀតនេះ បានធ្វើឡើងនៅចំពោះមុខអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ខណៈលោកអភិបាលបានចុះជួបសំណេះសំណាលជាមួយក្រុមកម្មករ និងបានចែកលិខិតថ្លែងអំណរគុណដល់លោក សម្រាប់ការបរិច្ចាគមិនយកថ្លៃបន្ទប់ជួលទាំង៦៩ ជូនបងប្អូនរបស់យើងក្នុងដំណាក់កាលកូវីដកំពុងវាយលុកកាន់តែខ្លាំងនៅពេលនេះ។
លោក ឈឿន ប៊ុនឆន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បន្ថែមនៅល្ងាចថ្ងៃនេះថា «តាមពិតនៅដំណាក់កាលនេះ ទាំងខ្ញុំ ក៏ដូចជាបងប្អូនរបស់យើងផ្សេងទៀតដែរ សុទ្ធតែកំពុងជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែសម្រាប់បងប្អូន កម្មករកម្មការនីរបស់យើង ពួកគាត់មានការលំបាកជាងយើងទៅទៀត សម្រាប់ចិញ្ចឹមគ្រួសារ និងការចាយវាយផ្សេងៗ ដូច្នេះគ្មានអ្វីជួយរាជរដ្ឋាភិបាលបានជាដំកំភួន គឺមានតែការជួយបរិច្ចាគតាមរយៈលទ្ធភាពជាក់ស្តែងតែប៉ុណ្ណោះ។ ដំបូងឡើងខ្ញុំមិនបានយកថ្លៃបន្ទប់ជួលទេសម្រាប់រយៈពេល៣ខែ (មីនា មេសា និងឧសភា) ប៉ុន្តែនៅពេលនេះខ្ញុំ និងក្រុមគ្រួសារ សម្រេចជួយបន្ថែមទៀតនោះជួយចេញថ្លៃភ្លើង ថ្លៃទឹក និងឧបត្ថម្ភម៉ាសពាក់ជាប្រចាំរហូតស្ថានភាពកូវីដមានការធូរស្រាល»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករកម្មការនីប្រមាណ ១០២នាក់ ដែលស្នាក់នៅក្នុងបន្ទប់ជួលរបស់លោក ឈឿន ប៊ុនឆន និងប្រគល់ជូនប័ណ្ណសរសើររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចេញជូនដល់លោកជាម្ចាស់ផ្ទះជួលដ៏សប្បុរសនេះផងដែរ។
នាឱកាសនេះ អភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះជូនចំពោះ លោក ឈឿន ប៊ុនឆន ដែលមានសមានចិត្តសប្បរសជួយសម្រាលបន្ទុកជូនកម្មករកម្មការនីទាំង១០២នាក់ ដោយផ្ដល់បន្ទប់ចំនួន៦៩បន្ទប់ ឱ្យស្នាក់នៅដោយឥតគិតថ្លៃ រយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១។
លោកបន្តថា «សមាណចិត្តប្រកបដោយមនុស្សធម៌របស់លោកបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកម្មករកម្មការនី តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្របពេលដែលបច្ចុប្បន្ន ខេត្តកណ្ដាលកំពុងត្រូវប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»។
សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលនានា គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ៕