(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ បានប្រោសប្រទានព្រះរាជសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ មន្ទីរពេទ្យ «ហ្លួងម៉ែ»។ នេះបើយោងតាមព្រះរាជសាររបស់សម្តេចម៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច នាព្រលប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា ដោយបានទទួលនូវលិខិតចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ របស់សម្តេចអគ្គមហាសេនាបតីតេជោ បានទិញយកមន្ទីរពេទ្យ "នគរទេព" ហើយប្តូរ ឈ្មោះមន្ទីរពេទ្យនេះ ដាក់ថាមន្ទីរពេទ្យ "ហ្លួងម៉ែ"។ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ខ្ពង់ខ្ពស់ និងសូមកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះការខិតខំបំពេញភារកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងសមាជិក-សមាជិកា ដ៏ឧត្តុង្គឧត្តមទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»

សម្តេចម៉ែមានព្រះបន្ទូលក្នុងព្រះរាជសារបន្តថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ ក្នុងបរិការណ៍កូវីដ-១៩ នូវវិធានការផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីរក្សាសុខុមាលភាពជូនប្រជារាស្ត្រកម្ពុជា នៅទូទាំងប្រទេស»

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយលិខិតជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះដែរ សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយសម្ដេចម៉ែថា ចំពោះមុខមន្ទីរពេទ្យ បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យ «ហ្លួងម៉ែ» នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។

សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការទិញមន្ទីរពេទ្យមួយនេះ ដើម្បីប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋ។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ (អ្នកឧកញ៉ា និងឧកញ៉ា) បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ៕