(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំឱ្យពង្រឹងការគ្រប់គ្រងមណ្ឌលត្រួតពិនិត្យសុខភាព និងឱសថស្ថានជាដើម ដើម្បីបែងចែកអ្នកជំងឺមុនចូលពិនិត្យ និងសម្រាកព្យាបាលនៅតាមន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរសម្រាកព្យាបាលជំងឺ គ្លីនិក សម្ភព បន្ទប់ពិនិត្យពិគ្រោះជំងឺ ឱសថស្ថាន ឱសថស្ថានរង មន្ទីពិសោធន៍វេជ្ជសាស្ត្រឯកជន ក្នុងខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ថា បានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍។ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់លោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក-លោកស្រីប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ម្ចាស់មន្ទីរសម្រាកព្យាបាលជំងឺ គ្លីនិក សម្ភព បន្ទប់ពិនិត្យពិគ្រោះជំងឺ ឱសថស្ថាន ឱសថស្ថានរង មន្ទីរពិសោធន៍វេជ្ជសាស្រ្តឯកជន អនុវត្តនូវវិធានការចាំបាច់ដូចខាងក្រោម៖
*ទី១៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវធ្វើការណែនាំដល់មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងលោក-លោកស្រី ម្ចាស់មន្ទីរសម្រាកព្យាបាលជំងឺ គ្លីនិក សម្ភពបន្ទប់ពិនិត្យពិគ្រោះជំងឺ មន្ទីរពិសោធន៍វេជ្ជសាស្រ្តឯកជន ក្នុងខេត្តកំពង់ចាម ត្រូវបង្កើតមណ្ឌលត្រួតពិនិត្យសុខភាពបឋម ដើម្បីបែងចែងជំងឺមុននឹងអនុញ្ញាតឲ្យអ្នកជំងឺចូលពិនិត្យសម្រាកព្យាបាលនៅកន្លែងរបស់ខ្លួន។
*ទី២៖ ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ម្ចាស់មន្ទីរសម្រាកព្យាបាលជំងឺគ្លីនិក សម្ភព បន្ទប់ពិនិត្យពិគ្រោះជំងឺ ឱសថស្ថាន ឱសថស្ថានរង មន្ទីរពិសោធន៍វេជ្ជសាស្ត្រត្រូវរៀបចំបង្កើតមណ្ឌលត្រួតពិនិត្យជំងឺបឋម និងឲ្យមាន QR Code រៀបចំវិធានការអនាម័យ គម្លាតសុវត្តិភាព នៅទីតាំងពិគ្រោះជំងឺរបស់ខ្លួន ដើម្បីការពារទប់ស្កាត់ការចម្លងជំងឺកុំង១៩។
*ទី៣៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវណែនាំដល់អ្នកទទួលខុសត្រូវនៅតាមមណ្ឌលត្រួតពិនិត្យជំងឺបឋម នៅតាមទីតាំងសេវាសុខាភិបាល ក្នុងខេត្តកំពង់ចាម ក្នុងករណីមានការសង្ស័យមានជំងឺកូវីដ-១៩ ត្រូវទំនាក់ទំនងបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យបង្អែកស្រុក ដើម្បីបន្តការតាមដាន និងយកសំណាកអ្នកសង្ស័យ។
*ទី៤៖ ម្ចាស់ឱសថស្ថាន ឱសថស្ថានរងក្នុងខេត្តកំពង់ចាម ក្នុងករណីមានការសង្ស័យ និងមានរោគសញ្ញាណាមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មកទិញឱសថរបស់ខ្លួនត្រូវរាយការណ៍បន្ទាន់ មកលោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរពេទ្យបង្អែកស្រុក ឬអាជ្ញាធរដែលនៅជិតកន្លែង របស់លោក-លោកស្រី និងត្រូវជួយកត់ត្រាឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន និងព័ត៌មានផ្សេងៗទៀត របស់បុគ្គលសង្ស័យឲ្យទៅមន្ត្រីសុខាភិបាលដែលនៅជិតលោកអ្នក។
*ទី៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចុះផ្អាកជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ នូវទីតាំងផ្តល់សេវាសុខាភិបាលណាដែលមិនសហការ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការបង្កើតឲ្យមានមណ្ឌលត្រួតពិនិត្យសុខភាពបឋម ដើម្បីបែងចែងជំងឺមុននឹងអនុញ្ញាតឲ្យអ្នកជំងឺ ចូលពិនិត្យ ឬសម្រាកព្យាបាលនៅកន្លែងរបស់ខ្លួន។
ទន្ទឹមនឹងនេះត្រូវអនុវត្តវិធានការច្បាប់ជាធរមាន ចំពោះបុគ្គលដែលមិនចូលរួមសហការឬមិនស្មោះត្រង់ ដោយលាក់បាំងនូវព័ត៌មាន ប្រវត្តិធ្វើដំណើរ និងអ្នកពាក់ព័ន្ធ។
រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត លោក-លោកស្រីប្រធានមន្ទីរពេទ្យបង្អែកស្រុក ប្រធានមណ្ឌលសុខភាពក្នុងខេត្ត ម្ចាស់អាជីវកម្មសេវាសុខាភិបាល រួមនឹងប្រជាពលរដ្ឋ ចូលរួមសហការអនុវត្ត តាមស្មារតីនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារសហគមន៍ មិនឲ្យឆ្លងជំងឺកូវីដ-១៩ដ៏ប្រល័យនេះ៕