ចុងភៅការដែល កក្កដា សុភ័ណ្ឌ ទៅចូលរួមនៅខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្រោយតេស្ដលើកទី៣
28-03-2021 18:59
(តាកែវ)៖ សេចក្ដីរាយការណ៍ពីខេត្តតាកែវ បានឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា ចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងនោះ រកឃើញកើតជំងឺកូវីដ១៩ ក្រោយការធ្វើតេស្ដលើកទី៣។
របាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ ពាក់ព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង។ អ្នកជំងឺឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។
ប្រភពព័ត៌មានបានបន្ថែមទៀតថា អ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕