(ភ្នំពេញ)៖ ក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ស៉ីន រតនា អភិបាលរងខណ្ឌបឹងកេងកង ដោយយោងតាមលិខិតរបស់សាលារាជធានីភ្នំពេញ បានចុះបើកឲ្យដំណើរការឡើងវិញចំនួន ០១ទីតាំងគឺ សណ្ឋាគារ អេច អេច កម្ពុជា (HH HOTEL) ផ្ទះលេខ ៧ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ការអនុញ្ញាឲ្យបើកសណ្ឋាគារ អេច អេច កម្ពុជា ឡើងវិញ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រោយដាក់ឲ្យធ្វើចត្តាឡីស័កគ្រប់កំណត់ និងមិនមានអ្នកឆ្លងទៀត។
កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបង្កឲ្យទីតាំងជាច្រើនកន្លែងមានការពាក់ព័ន្ធ ហើយត្រូវបង្ខំចិត្តបិទដំណើរការជាបណ្តោះអាសន្ន។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៦៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៥៤នាក់, ស្លាប់ចំនួន១០នាក់ និង៣នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕