(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង បានដឹកនាំសមាជិកសមាជិកាគណបក្ស ប្រគេនទេយ្យវត្ថុ និងបច្ច័យដល់វត្តចំនួនពីរ គឺវត្តសន្តិភាព និងវត្តធម្មយុត្តិ បានវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដែលមានការចូលរួមពីលោក រៀម ស៊ីណា ក្រុមការងារ ចុះជួយសង្កាត់ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយរៀង ជាច្រើនរូប។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងយោងតាមការណែនាំពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកអភិបាលខេត្តស្វាយរៀង បានណែនាំដល់គ្រប់វត្តអារាមទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ឲ្យវាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យបាន៥ដង ក្នុងមួយថ្ងៃ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាជំងឺកូវីដ១៩ កំពុងតែរីករាលដាល ក្នុងសហគមន៍មួយចំនួន ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាល ការមិនអនុវត្តចត្តាឡីស័កមិនត្រឹមត្រូវ ធ្វើឲ្យមានការចម្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។

ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ទាំងមន្ត្រីជំនាញ ព្រះសង្ឃ និងអាជ្ញាធរដែនដីទាំងអស់ នៅខេត្តស្វាយរៀង បានខិតខំក្នុងការជំរុញ និងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃជាប្រចាំ ជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ រស់នៅគម្លាតសង្គម បើមិនចាំបាច់រស់នៅក្នុងផ្ទះ និងកុំចេញក្រៅ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ការវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ នាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើង បានមួយកម្រិតទៀត ក្នុងការចេះការពារខ្លួន ឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។

បច្ច័យនិងទ័យវត្ថុដែលលោកបណ្ឌិតកែរ រដ្ឋាប្រគេនដល់ព្រះសង្ឃក្នុង១វត្តទទួលបានគ្រឿងឧបភោគបរិភោគនិងបច្ច័យ ៨០ ម៉ឺនរៀលក្នុងនោះបច្ច័យរបស់ក្រុមការងារគណបក្សមន្ទីរសុខាភិបាលខេត្ត៥០ម៉ឺនរៀល ក្រុមហ៊ុនដីឡូតិ៍ភូមិមរតក២០មុឺនរៀលនិងបច្ច័យគណបក្សសង្កាត់ ១០ម៉ឺនរៀល។

សូមបញ្ជាក់នៅខេត្តស្វាយរៀងគិតត្រឹមល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ សម្រាប់ខេត្តស្វាយរៀង មានឆ្លងកូវីដ-១៩ចំនួន៧នាក់ ក្នុងនោះមានស្រ្តីជនជាតិវៀតណាម២នាក់បានជាសះស្បើយរួចហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំចំនួន៥នាក់៕