(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣គ្រួសារ ស្មើនឹង ៨០នាក់ (ស្រី២៤នាក់) ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ សកម្មភាព បានធ្វើឡើងនាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។
ពលរដ្ឋទាំងនេះ បានជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ កក្កដា សោភ័ណ ក្នុងពិធីមង្គលការមួយកន្លែងនៅខេត្តតាកែវ។
ស្បៀងអាហារនោះរួមមាន អង្ករចំនួន២៤ការ៉ុង មីចំនួន២៧កេា ទឹកសុទ្ធចំនួន៣៦កេស ទឹកត្រី ទឹកស៊ីអ៉ីវ២៦យួរ និងត្រីខចំនួន ៣៦យួរ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕