(កំពង់ចាម)៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកបំភ្លឺជុំវិញការបង្ហោះព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ និងបានកោះហៅអ្នកបង្ហោះព័ត៌មាននេះ មកធ្វើការអប់រំណែនាំផងដែរ។

អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានអះអាងថា ការចេញមកបកស្រាយនេះ បន្ទាប់ពីគណនី Facebook មួយឈ្មោះ «ដាលីន ដាលីន» ដែលបានបង្ហោះសារចោទប្រកាន់ខុសពីការពិត មកលើមន្ដ្រីនគរបាលចរាចរណ៍ និងបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ លើសមត្ថកិច្ចកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅគោលដៅរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក នៅចំណុចក្រោមស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញអ្នកបើកបររថយន្តសាមយ៉ុង ពាក់ស្លាកលេខភ្នំពេញ2U-0097 បើកបរដោយ ឈ្មោះ ប៉ែន ម៉ានិត អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីកំណត់មុខសញ្ញាបានហើយ ឈ្មោះ ប៉ែន ម៉ានិត និងប្រពន្ធបានសុំចូលខ្លួនមកសុំទោស និងធ្វើកិច្ចសន្យាអប់រំ។

ឈ្មោះ ប៉ែន ម៉ានិត និងប្រពន្ធ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋានននគរបាលក្រុងកំពង់ចាម នៅវេលាម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការពន្យល់ណែនាំ ដល់ពួកគាត់រួចមក ពួកគាត់ក៏បានទទួលស្គាល់ទោសកំហុស ដែលបានថតបង្ហោះនិយាយពាក្យអសុរោះ បំភ្លើសការពិត មកលើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ និងបានធ្វើការសូមទោសជាសាធរណៈ ហើយសុំសន្យាថា នឹងគោរពច្បាប់មិនបង្ក ឲ្យមានកំហុសទៀតនោះឡើយ និងឲ្យសាធារណៈជនមេត្តាអនុគ្រោះឲ្យខ្លួន និងប្រពន្ធផង៕