(ភ្នំពេញ)៖ «ម្រេចកំពត» ត្រូវបានសហភាពអឺរ៉ុប ចុះបញ្ជីសម្គាល់ភូមិសាស្រ្ត។ នេះជាផលិតផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានសហភាពអឺរ៉ុប ចុះបញ្ជីសម្គាល់អត្តសញ្ញាណ ដើម្បីបង្ការការក្លែងបន្លំ ដែលអាចបណ្ដាលឱ្យមានការរំលោភបំពានកេរ្តិ៍ឈ្មោះ របស់ម្រេចកំពត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ដែល Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រលើកដំបូងបំផុតសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជានៅលើទីផ្សាសហភាពអឺរ៉ុប ដែលបានបង្កើតឡើងដោយប្រទេសចំនួន២៨ នឹងជួយពង្រីកទីផ្សារ «ម្រេចកំពត» ទៅអ្នកប្រើប្រាស់ច្រើនជាង ៥០០លាននាក់។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា «ម្រេចកំពត ឬ Poivrede Kampot» នឹងទទួលបានអត្ថប្រយោជន៍ពីការការពារកម្រិតខ្ពស់បំផុតលើទីផ្សារអឺរ៉ុប ជាពិសេសប្រឆាំងការចម្លង និង កែច្នៃជៀសវាងមិនឱ្យមានការក្លែងបន្លំ ដែលអាចនឹងបណ្ដាលឱ្យមានការរំលោភបំពានកេរ្តិ៍ឈ្មោះរបស់ម្រេចកំពតនេះ។ វាជាផលិតផលសម្គាល់ភូមិសាស្ត្រ មិនមែនជាផលិតផលរបស់សហភាពអឺរ៉ុបទី២០ ដែលទទួលបានការការពារស្របច្បាប់ពីសហភាពអឺរ៉ុប ក្នុងបទប្បញ្ញត្តិ ១១៥១/២០១២ ដែលបានចូលរួមជាមួយផលិតផលល្បីល្បាញជាច្រើនផ្សេងទៀត។
សហភាពអឺរ៉ុប បានអះអាងថា ការចុះឈ្មោះ នៃស្លាកសញ្ញាសម្គាល់ភូមិសាស្រ្តរបស់ផលិតផលប្រទេសកម្ពុជាមួយនេះ បានជួយត្រួសត្រាយផ្លូវ សម្រាប់ការចុះបញ្ជីលើផលិតផលសំគាល់ភូមិសាស្រ្តរបស់ប្រទេសកម្ពុជាបន្ថែមទៀត ហើយរឿង ដ៏ជោគជ័យមួយនេះ នឹងអាចជួយឲ្យមានការផ្លាស់ប្តូរដល់ផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ផ្សេងៗទៀត។
សូមបញ្ជាក់ថា សូចនាករភូមិសាស្រ្ត (GIs) គឺជាប្រភេទកម្មសិទ្ធិបញ្ញាមួយដែលកំណត់នូវអត្តសញ្ញាណរបស់ផលិតផល មួយដែលមានប្រភពមកពីតំបន់ ឬ ប្រទេសមួយជាក់លាក់ ក៏ដូចជាទទួលបានតាមរយៈវិធីសាស្រ្តផលិតកម្ម មួយច្បាស់លាស់ផងដែរ។ កេរ្តិ៍ឈ្មោះរបស់ផលិត ផលសម្គាល់ភូមិសាស្រ្តមួយ ដែលផ្តោតសំខាន់ទៅលើគុណភាព ឬភាព ត្រឹមត្រូវរបស់ផលិតផលនោះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនិងប្រភព នៃភូមិសាស្ត្រដើមរបស់វា។ សូចនាករភូមិសាស្ត្រមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសហភាពអឺរ៉ុប (EU) ដែលជាកន្លែងមានប្រវត្តិសម្បូរទៅដោយផលិតកម្ម កសិកម្ម ឯកទេស និង ផលិតផលក្នុងស្រុក ដែលមានផលិតផលល្បីៗ ជាច្រើនទៀត បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកន្លែងដែលជាប្រភពដើមរបស់ពួកគេ មានដូចជា កាហ្វេកូឡុំប៊ី ឬ ស្រាសាំប៉ាញ ឬ តែដាជែលលីងជាដើម។
សូចនាករភូមិសាស្រ្ត (GIs) គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សូចនាករភូមិសាស្រ្ត (GIs) អាចទទួលបានការពារ និង អភិរក្សនូវកម្មសិទ្ធិបញ្ញា ដែលទាក់ទងទៅនឹងវប្បធម៌ ប្រពៃណីទំនៀមមទម្លាប់ភាពសម្បូរបែប នៃភូមិសាស្ត្រ និង វិធីសាស្ត្រនៃការផលិតរបស់ផលិតផលនោះ។ នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សហភាពអឺរ៉ុបបានគាំទ្រសមាគម ក្នុងការផ្សព្វផ្សាយម្រេចកំពតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីលើកកម្ពស់និងធ្វើទីផ្សារផលិតផល ដែលមានគុណភាពខ្ពស់មួយនេះ។
ធាតុសំខាន់នៅក្នុងគោលនយោបាយគុណភាពផលិតផលរបស់សហភាពអឺរ៉ុប គឺការចុះបញ្ជីជាផលិតផល សម្គាល់ភូមិសាស្ត្រ ដែល នឹងផ្តល់តម្លៃបន្ថែមទៅលើកេរ្តិ៍ឈ្មោះរបស់ម្រេចកំពត ក៏ដូចជាជួយប្រយុទ្ធ ប្រឆាំងទៅនិងការក្លែងបន្លំផលិតផល ព្រមទាំងជួយបង្កើនភាពលេចធ្លោររបស់វានៅលើទីផ្សារផលិតផល នៅក្នុងសហភាពអឺរ៉ុប ក៏ដូចជានៅប្រទេសកម្ពុជា និងនៅលើទីផ្សារដទៃទៀត ដោយ សារតែផលិតផលនេះ មានបិទស្លាកសញ្ញាបញ្ជាក់គុណភាព ភីជីអាយ (PGI) នៅលើវាចាប់ពីពេលនេះទៅ៕