(កំពង់ឆ្នាំង)៖ រដូវនេះប្រជាកសិករនៅតាមតំបន់វាលទំនាបជាប់មាត់ទន្លេ កំពុងមមាញឹកក្នុងការប្រមូលផលស្រូវប្រាំង នៅគ្រប់ទីកន្លែង។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិថ្នល់កន្សែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញប្រជាកសិករជាច្រើនគ្រួសារ កំពុងតែមមាញឹកក្នុងការប្រមូលផលស្រូវប្រាំង និងឃើញមានម៉ាស៉ីនច្រូតស្រូវជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាពច្រូតស្រូវនៅពាសពេញវាលស្រែ ហើយប្រជាកសិករខ្លះ បាននិងកំពុងនាំគ្នាហាលរោយស្រូវច្រកដាក់បេ ដើម្បីយកទុកដាក់ដោយមិនមានទំនេរនោះឡើយ។
ជួបជាមួយគ្រួសារកសិករមួយមានឈ្មោះ សឺន រតនា មានទីលំនៅក្នុងភូមិថ្នល់កន្សែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជារៀងរាល់ឆ្នាំគាត់ធ្វើស្រែនៅលើផ្ទៃដីទំហំកន្លះហិកតា ហើយក្នុងមួយឆ្នាំៗប្រមូលផលបានប្រមាណពី ២ទៅ៣តោន តែប៉ុណ្ណោះ។
កាលពីឆ្នាំមុន ស្រូវសើម (ស្រូវទើបតែច្រូតហើយមិនទាន់ហាលស្ងួត) តម្លៃលក់ចេញបានមួយគីឡូ ក្រាមថ្លៃ ៩០០រៀល។ ចំណែកឆ្នាំនេះ តម្លៃមិនសូវខុសគ្នាប៉ុន្មានដែរ ដែលតម្លៃនេះពួកគាត់ក៏បានសល់ប្រាក់ខ្លះ ដោយតែផាត់ទៅលើការចំណាយ និងទៅលើការច្រូតកាត់វិញ អាចបានចំណេញសមល្មមគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ កសិករខាងលើពោលថា តម្លៃច្រូតស្រូវដោយប្រើម៉ាស៉ីន ថ្លៃពេកដែលធ្វើឲ្យការចំណេញមិនសូវមាន។
«ម៉ាស៉ីនច្រូតស្រូវក្នុង ១ហិកតាគេយកតម្លៃដល់ទៅ ៤០ម៉ឺនរៀល ឯណោះ គឺថ្លៃណាស់»។ នេះបើតាមកសិករ សឺន រតនា។
សឺន រតនា បន្តថា បើនៅក្នុងស្រុកកំពង់លែងវិញ ម៉ាស៉ីនច្រូតមកពីខេត្តកំពង់ធំគេយកថ្លៃក្នុង ១ហិកតាតែ ២៦ម៉ឺនរៀលតែប៉ុណ្ណោះ និងត្រូវចំណាយលើថ្លៃទិញប្រេងចាក់ម៉ាស៉ីនបូមទឹក និងទិញជីបាចស្រូវទៀត គឺការខិតខំធ្វើស្រែរបស់ពួកគាត់ ក្រៅពីលក់ដូរខ្លះ និងបានទុកស្រូវតិចតួចសម្រាប់ហូប។ ប៉ុន្តែចំពោះអ្នកដែលមានដីស្រែច្រើន គេអាចសល់លុយបានច្រើន នេះគឺអាស្រ័យទៅតាមអ្នកមានដី ស្រែតិច ឬច្រើនដែលការទទួលផលតិច ឬច្រើនក៏ទៅតាមហ្នឹងដែរ ។
ប្រជាកសិករម្នាក់ទៀតបាននិយាយឱ្យដឹងថា ឆ្នាំនេះស្រូវស្ងួតបាយរឹងលក់ចេញបានតម្លៃក្នុងមួយគីឡូ ១,០៥០រៀល រីឯស្រូវហាលស្ងួតបាយទន់វិញលក់ចេញក្នុងមួយគីឡូបានថ្លៃតែ ៩៦០រៀលតែប៉ុណ្ណោះ។
ពួកគាត់ក៏សុំសំណូមពរដល់ម្ចាស់ម៉ាស៉ីនច្រូតស្រូវទាំង អស់មេត្តាកុំយកថ្លៃហួសហេតុពេក ដោយទុកលទ្ធភាពឲ្យប្រជាកសិករទទួលបានប្រយោជន៍ខ្លះផង និងសំណូមពរឲ្យតម្លៃម៉ាស៉ីនច្រូតស្រូវ សូមឲ្យកំណត់យកដូចៗគ្នា កុំយកថ្លៃខុសគ្នាច្រើនពេក។
ឆ្លៀតក្នុងឱកាសនេះដែរ ប្រជាកសិករជាអ្នកធ្វើស្រែចំការនៅក្នុងមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះការយកចិត្តទុកដាក់យ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនាមជាកសិករសូមចូល រួមយ៉ាងសកម្មក្នុងការអនុវត្ត នូវវិធានការ ៣កុំ ៣ការពារ ដើម្បីនាំគ្នាចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ មិនឲ្យរាលដាលឆ្លងចូលក្នុងសហគមន៍មូលដ្ឋានបានឡើយ៕