(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយលិខិតជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយសម្ដេចម៉ែថា ចំពោះមុខមន្ទីរពេទ្យ បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យ «ហ្លួងម៉ែ» នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១បានប្រកាសពីការទិញមន្ទីរពេទ្យមួយនេះ ដើម្បីប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋ។ បច្ចុប្បន្នមន្ទីរពេទ្យមួយនេះ កំពុងប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។
ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ (អ្នកឧកញ៉ា និងឧកញ៉ា) បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ៕