(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនដល់អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា ជាមួយនឹងការបញ្ជាក់ថា បណ្ដាញសារព័ត៌មាន Fresh News បានសរសេរអត្ថបទ រៀបចំបទយកការណ៍ ផលិតវីដេអូ និងផ្ដិតយករូបភាពជាច្រើនអំពីគោលដៅទេសចរណ៍នៅទូទាំងប្រទេស នាពេលកន្លងមក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «កិច្ចការទាំងអស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ និងសម្បូរបែបរបស់កម្ពុជា ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសរួមចំណែកក្នុងការបណ្ដុះគំនិតស្រលាញ់មាតុភូមិដ៏បវររបស់យើងទាំងអស់គ្នា»។
ក្រសួងទេសចរណ៍ ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់លោកអគ្គនាយក Fresh News បន្តជំរុញការងារខាងលើនេះ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ជាមួយគ្នានោះ លោកអគ្គនាយក លឹម ជាវុត្ថា ក៏បានបង្ហាញនូវការថ្លែងអំណរគុណជាអនេកចំពោះលោករដ្ឋមន្ត្រី ថោង ខុន ដែលតែងតែជំរុញលើកទឹកចិត្ត និងគាំទ្ររាល់សកម្មភាពនៃការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍នានារបស់បណ្ដាញសារព័ត៌មាន Fresh News។
លោករដ្ឋមន្ត្រី ថោង ខុន គឺជាថ្នាក់ដឹកនាំដ៏សកម្មមួយរូបក្នុងការដឹកនាំការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងបានខិតខំបង្ហាញពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍នៅកម្ពុជា ផ្សព្វផ្សាយឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ច្បាស់អំពីកម្ពុជា៕