(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា សព្វថ្ងៃចំពោះព្រឹត្ដិការណ៍រដ្ឋប្រហារនៅប្រទេសភូមា (មីយ៉ាន់ម៉ា) និងការតវ៉ារបស់ក្រុមបាតុករចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នំា២០២១ ដោយការបង្រ្កាបបង្ហូរឈាមពីសំណាក់កងកម្លាំងយោធាភូមា គឺនៅចំថ្ងៃដែលយោធាប្រារព្ធទិវាកងទ័ព និងធ្វើព្យុហយាត្រាបណ្ដាលឲ្យស្លាប់ប្រមាណ ៤៥០នាក់ ដូចមតិជា តិនិងអន្ដរជាតិឃើញនេះ គឺជាសោកនាដកម្មរបស់ប្រជាជាតិភូមាខ្លួនឯង។
ដោយហេតុថាចាប់តំាងពីក្រុមមេដឹកនំាយោធាបានទម្លាក់លោកស្រី អួង សានស៊ូជី ពីតំណែងប្រធានក្រុមប្រឹក្សារដ្ឋ (State Counsellor) គឺពិតជាធ្វើឲ្យផ្អើលពិភពលោកមិនស្ទើរ! ក្នុងនោះយើងឃើញប្រទេសលោកខាងលិច រួមទំាងអង្គការសហប្រជាជាតិ បានទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ជាបន្ទាន់ និងរៀបចំឲ្យមានរបបប្រជាធិបតេយ្យទ្បើងវិញ។
លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះ បើយើងពិនិត្យអំពីសោកនាដកម្មរបស់ប្រទេសភូមាដែលកំពុងបោកបក់នេះផងដែរ គឺពិតជាជាប់ទាក់ទងនឹងរឿងរ៉ាវសាវតារដែលប្រទេសមួយនេះ បានទទួលរងកម្មពីពួកស្បែកសអង់គ្លេស។ ដោយហេតុថា ចាប់តំាងពីប្រទេសអង់គ្លេស បានដាក់អាណានិគមពីឆ្នាំ១៨២៤-១៩៤៨ បាននិរទេសព្រះរាជវង្សស្ដេចចុងក្រោយបង្អស់របស់ភូមា គឺព្រះចៅស៊ីប៉ នៃរាជវង្ស «កូនបង» ដោយបង្ខំឲ្យដាក់រាជ្យសម្បត្ដិ ហើយបាននិរទេសទៅប្រទេសឥណ្ឌា រហូតព្រះអង្គសោយទិវង្គតនៅឆ្នំា១៩១៦។
ចំពោះអង់គ្លេសនិរទេសព្រះអង្គយ៉ាងដូច្នោះ គឺក្នុងគោលបំណងចង់បំបាក់ប្រទេសភូមា កុំឲ្យហ៊ានងើបបះបោរប្រឆាំងខ្លួន ពីព្រោះបើបាត់ស្ដេចយូរៗទៅប្រជាជនភូមាភ្លេចខ្លួនថា ប្រទេសខ្លួនគ្មានស្ដេច ឬភ្លេចអ្វីៗគ្រប់យ៉ាងហ្នឹងឯង។ ត្រង់ចំណុចនេះអង់គ្លេសមើលឃើញថា បើមានមេដឹកនំាណាមួយដែលប្រជាជនគោរពខ្លំាង នោះយូរៗ ពួកគេនឹងបះបោរប្រឆំាងខ្លួន នេះជាយុទ្ធសាស្រ្ដរបស់ពួកអង់គ្លេស។ ជាក់ស្ដែង រហូតមកដល់បច្ចុប្បន្នប្រជាជនភូមាភាគច្រើនមិនដឹងរឿងរ៉ាវប្រវត្ដិសាស្រ្ដខ្លួនឯងត្រង់ហ្នឹងទេ!
មួយវិញទៀតបើនិយាយពីជាតិពន្ទុវិទ្យាវិញ ប្រទេសភូមាមានជនជាតិចម្រុះខុសៗគ្នារហូត ១៣៥ក្រុម ភាសាជាង២៤០ ឈ្មោះជនជាតិភូមា គ្មាននាមត្រកូលទេ។ ហើយមានទីតំាងភូមិសាស្រ្ដជាប់នឹងប្រទេសអរិយធម៌បរមបុរាណចំណាស់ពិភពលោក គឺចិននិងឥណ្ឌា មានស្ថានដូចជាខ្លែង ដោយកន្ទុយវែងតភ្ជាប់នឹងផ្នែកខាងលើនៃពូថៅរបស់ថៃ។ ដោយសារស្ថានភាពភូមិសាស្រ្ដបែបនេះ បានធ្វើឲ្យប្រទេសនេះបានប្ដូររាជធានី ១២លើក ជាការប្ដូររាជធានីញឹកញាប់បំផុត។
លោក រ័ត្ន សណ្ដាប់ កត់សម្គាល់ទៀតថាឥទ្បូវស្ថិតក្នុងព្រឹត្ដិការណ៍រដ្ឋប្រហារនេះ បើយើងងាកក្រោយបន្ដិចក្រទ្បេកមើលសាវតារព្រឹត្ដិការណ៍នានានៅប្រទេសភូមា ចាប់ពីអំទ្បុងដែលចក្រភពអង់គ្លេសកាន់កាប់ រហូតប្រគល់ឯករាជ្យ នាឆ្នាំ១៩៤៨ បន្ទាប់ពីសង្រ្គាមលោកលើកទី២មក គឺប្រទេសមួយនេះត្រូវស្ថិតនៅក្នុងបរិបទគ្រប់គ្រងដោយរបបផ្ដាច់ការយោធានិយម ដែលដឹកនំាដោយលោកប្រធានាធិបតី និងមេទ័ពផ្ដាច់ការ លោក នេវិន តំាងពីឆ្នំា១៩៥៨ ដល់១៩៧៤។
ក្នុងសម័យនោះទៀតសោត ប្រទេសនេះបានល្បីល្បាញ ដោយសារមានឥស្សរជនជាន់ខ្ពស់មួយរូប គឺលោក អ៊ូ ថាន់ (U Thant) បានត្រូវតែងតំាងជាអគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ២អាណត្ដិ ចាប់ពីឆ្នំា១៩៦១-១៩៦៦ និង ពីឆ្នំា១៩៦៦-១៩៧១។ បើដូចនេះសំណួរសួរថា តើពិភពលោកមានការរអ៊ូររទាំជាមួយប្រទេសភូមា ថាដឹកនាំក្រោមរបបផ្ដាច់ការយោធាឬទេ?
ស្ថិតត្រង់ចំណុចនេះ ពិភពលោកពុំបានរអ៊ូររទាំប្រទេសភូមាទេ រហូតដល់ឆ្នំា១៩៨៨ ទើបមានព្រឹត្តិការណ៍នំាគ្នាប៉ះបោរបាតុកម្ម បំផុសបំផុលទម្លាក់របបផ្ដាច់ការយោធា ដែលគេសង្កេតឃើញប្រទេសភូមា មានបែងចែកជាគោលការណ៌និយមពីរ៖
* ទី១៖ ក្រុមនយោបាយដែលសមាជិកភាគច្រើនជាមេទ័ព
* និងទី២៖ ក្រុមអ្នកនយោបាយដែលនិយមលទ្ធិប្រជាធិបតេយ្យ គឺក្រុមលោកស្រី អួង សានស៊ូជី ជាកូនស្រីលោក អួងសាន ដែលកាលណោះគេចាត់ទុកថាជាបិតាជាតិ អ្នកទាមទារឯករាជ្យពីចក្រភពអង់គ្លេស។
ដូច្នេះចំពោះព្រឹត្ដិការណ៍រដ្ឋប្រហារថ្មីៗនេះ គឺពិតជាមានការពាក់ព័ន្ធនឹងព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ចាប់តំាងពីពេលបោះឆ្នោតឆ្នំា១៩៩០មកម៉្លេះ គឺរវាងក្រុមលោកស្រី ស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD/National League for Democracy) ដែលបង្កើតនៅឆ្នំា១៩៨៨ ដែលលោកស្រីជាអគ្គលេខាធិការ។
លោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់ទៀតថា ទន្ទឹមនឹងនេះផងដែរ បើយើងរំឭកមុនព្រឹត្តិការណ៍ឆ្នាំ១៩៩០នេះទៀតសោត ប្រទេសនេះត្រូវបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នំា១៩៤៨ ហើយមានការបោះឆ្នោតជាច្រើនលើក រហូតដល់រដ្ឋប្រហារយោធានៅឆ្នំា១៩៦២ ដែលពួកយោធា ក្រោមការដឹកនំារបស់លោកប្រធានាធិបតី នេវិន (Newin) រហូតនៅឆ្នំា១៩៧៤ និងជាបន្តបន្ទាប់មកទៀត ប្រទេសមួយនេះត្រូវបានដឹកនំាដោយគណបក្សតែមួយ និងជារបបយោធាផងដែររហូតដល់ឆ្នំា១៩៨៨។
ដូច្នេះហើយបើឈរលើសាវតារដូចបានកត់សម្គាល់ខាងលើ សំណួរសួរទៀតថាហេតុអ្វីក៏ពិភពលោក ពិសេសលោកខាងលិច និងអង្គការសហប្រជាជាតិ ស្ងាត់ចឺម និងមិនមានប្រតិកម្មអីបន្ដិច?
សូមរំឭកថានាអំឡុងពេលនោះដែរ លោក អ៊ូ ថាន់ (U Thant) ជាឥស្សរជនជាន់ខ្ពស់នៃប្រទេសភូមា បានត្រូវតែងតំាងជាអគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ២អាណត្ដិជាប់គ្នា គឺពីឆ្នំា១៩៦១-១៩៦៦ និងពី ឆ្នំា១៩៦៦-១៩៧១! ... ពិភពលោកនៅតែរអូករអឺន ជាមួយប្រទេសភូមា ក្រោមរបបផ្ដាច់ការយោធា! រហូតដល់ឆ្នំា១៩៨៨ ទើបប្រជាជនបះបោរទូទាំងប្រទេស នំាគ្នាធ្វើបាតុកម្មបំផុសបំផុលទម្លាក់របបផ្ដាច់ការយោធាមួយនេះ។
បន្ទាប់ពីមហាបាតុកម្មឆ្នាំ១៩៨៨មក អាជ្ញាធរភូមា បានអនុញ្ញាតឲ្យមានការបោះឆ្នោតសកល ដែលបានប្រព្រឹត្ដទៅនាខែឧសភា ឆ្នំា១៩៩០ ដែលកាលណោះ គណបក្សលោកស្រី ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដីលើសពី ៨១% គឺ ៣៩២អាសន: លើ៤៩២អាសន:។ ជាអកុសលលទ្ធផលនេះ ត្រូវបានអាជ្ញាធរយោធាប្រកាសមិនទទួលស្គាល់ មិនព្រមប្រគល់អំណាចទៅឲ្យគណបក្សលោកស្រី ដែលឈ្នះឆ្នោត។ កាលណោះដែរ មហាប្រទេសលើពិភពលោកទាំងអស់ រួមទាំងអង្គការសហប្រជាជាតិ បានស្រែកថ្កោលទោសយ៉ាងខ្លំាង។ មិនតែប៉ុណ្ណោះសោត លោកស្រី ស៊ូជី ត្រូវយោធាចាប់ឃាត់ខ្លួន តំាងពីមុនថ្ងៃបោះឆ្នោត គឺឃុំក្នុងផ្ទះមិនឲ្យចេញក្រៅ អស់អំឡុងពេលយ៉ាងហោចណាស់ ១៥ឆ្នំា។
បន្ទាប់មកក៏មានការបោះឆ្នោតសកលម្តងទៀត នាឆ្នំា២០១០ ដែលពួកយោធានិយម បានប្រកាសថា ជាដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ តែពេលនោះគណបក្ស NLD របស់លោកស្រី ស៊ូជី បានធ្វើពហិការ (boycutt) ការបោះឆ្នោតនេះ។ ពេលនោះ ក្រុមបក្សកណ្ដាលនិយមរបស់លោក ធៀនសេន (Thein Sein) ត្រូវបានឈ្នះឆ្នោត ហើយលោកត្រូវបានតែងតំាងជាប្រធានាធិបតី ក្នុងអាណត្ដិ២០១១ - ២០១៦ ដែលកាលណោះពិសេសសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់រដ្ឋាភិបាលថ្មីនេះដែរ។ នេះជាការបញ្ជាក់របស់លោក រ័ត្ន សណ្ដាប់។
លោក រ័ត្ន សណ្ដាប់ បញ្ជាក់ទៀតថា រហូតដល់ឆ្នំា២០១២ ប្រទេសភូមាបានប្រកាសការបោះឆ្នោតពាក់កណ្ដាលអាណត្ដិ by-election គណបក្សលោកស្រីស៊ូជី បានចូលប្រកួតដែរ បានឈ្នះអាសន:ស្ទើរតែទំាងអស់ ទទួលបាន៤៣ លើ៤៤។ រហូតដល់ឆ្នំា២០១៥ មានការបោះឆ្នោតសកលជាថ្មីទៀត ដែលពេលនោះគណបក្សលោកស្រី NLD ឈ្នះភ្លូកទឹកភ្លូកដីម្ដងទៀត គឺទទួលបាន ៨៦% ហើយលោកស្រី ក៏បានទទួលតំណែងជា «ប្រធានក្រុមប្រឹក្សារដ្ឋប្រទេសភូមា មានឋាន:ស្មើនាយករដ្ឋមន្រ្ដី» ពីព្រោះថារដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យលោកស្រី មានតំណែងជាប្រធានាធិបតីទេ។
ក្នុងអាណត្ដិរយ:ពេលហ្នឹង លោកស្រី ស៊ូជី ឆ្នំា២០១៩ កន្លងមកនេះ ត្រូវអន្ដរជាតិទម្លាក់កំហុសថាបានអនុញ្ញាត ឲ្យពួកយោធាធ្វើបាបជនជាតិភាគតិច «រ៉ូហ៉ីងយ៉ា» ម៉ូស្លីម នៅភូមា ហើយលោកស្រី ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) កោះហៅសួរចម្លើយ ករណី «សម្លាប់រង្គាល» ដែលញ៉ាំងឲ្យពួកម៉ូស្លីមនេះ រត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសបង់ក្លាដេស ប្រមាណជាង ១លាននាក់ ដែលខណ:នោះគាត់ត្រូវឆ្លើយការពារពួកយោធាលើបទចោទ សម្លាប់រង្គាលនេះ។
ជាចុងក្រោយ លោក រ័ត្ន សណ្ដាប់ យល់ថាឥឡួវចូលដល់ព្រឹត្ដិការណ៍ចុងក្រោយថ្មីៗនេះ ដែលរដ្ឋអំណាចយោធាធ្វើរដ្ឋប្រហារទម្លាប់លោកស្រី ដែលមានមតិជាច្រើនចោទសួរថា តើពួកយោធាភូមា និងបកក្រោយប្រគល់អំណាចឲ្យលោកស្រីវិញឬទេ? តើពួកយោធានឹងស្ដាប់ការអំពាវនាវរបស់អង្គការសហប្រជាតិ ឬប្រទេសលោកខាងលិចមហាអំណាចមួយចំនួន ដែលចាប់ផ្ដើមដាក់ទណ្ឌកម្មជាបណ្តើរៗលើមេដឹកនំាយោធាមួយចំនួនដែរឬទេ?
ចំពោះបញ្ហាទំាងនេះបើយើងពិនិត្យមើលសភាពការណ៍បច្ចុប្បន្នយើងឃើញថា ពួកយោធាដូចជាមិនបន្ធូរដៃទេ! ថ្ងៃចុងក្រោយនេះ ពួកបាតុករបានកញ្ជ្រោលយ៉ាងខ្លំាង គឺចំថ្ងៃព្រឹត្ដិការណ៍បា្រព្វទិវាយោធា រហូតមានការបាញ់ស្លាប់ប្រមាណ១១៤នាក់។ សភាពការណ៍ចេះតែក្ដៅទៅៗ ... សុំរង់ចាំមើលតទៀត៕