(ភ្នំពេញ)៖ បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល។
យោងតាមអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងពីទណ្ឌកម្មចំពោះ «បុគ្គលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស» ដែលបញ្ជាក់ ២ចំណុច រួមមាន៖
* ការបំពានលើកទី១៖ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច
* ការបំពានលើកទី២៖ ត្រូវផ្តន្ទាទោសពិន័យអន្តការណ៍ ចាប់ពី ២០ម៉ឺនរៀល ដល់១លានរៀល។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក៏បានក្រើនរំលឹកពីទណ្ឌកម្មខាងលើនេះដែរ។ ប៉ុន្តែលោក បញ្ជាក់ថា ត្រូវបានលើកលែងកាតព្វកិច្ចពាក់ម៉ាស សម្រាប់បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នា ក្នុងអំឡុងពេលនៃការជួបជុំគ្នានៅក្នុងលំនៅឋាននោះ។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទៈការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំង ដែលជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ រាជរដ្ឋាភិបាល បានដាក់ចេញបទដ្ឋានគតិយុត្ត និងវិធានការជាច្រើន ហើយបន្ថែមលើនេះ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក៏បានកំណត់យកទីតាំងភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប៕