(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ករណី នាពេលថ្មីៗនេះ អាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងចំនួន៤កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម រួមមាន៖
*ទី១៖ គ្លីនិក ម៉ី មុនីបូរិន្ទ
*ទី២៖ គ្លីនិក យិន ស៊ីណាត
*ទី៣៖ តូបចំនួន៦ ក្នុងផ្សារធំ ក្រុងកំពង់ចាម
*ទី៤៖ មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់
ក្នុងនាមរដ្ឋបាលខេត្ត និងគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានស្នើដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ខ្ពស់អំពីវិធានការ នៃការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយទៅដល់គ្រប់បណ្តាមូលដ្ឋាន និងបន្តស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធ ជាមួយនឹងអ្នកដែលមានវិជ្ជមានខាងលើដើម្បីធ្វើចត្តាឡីស័ក ក៏ដូចជាយកសំណាករបស់ពួកគេ ដើម្បីតេស្តរកមេរោគកូវីដ-១៩។
លោកអភិបាលបន្តថា សូមឲ្យប្រជាពលរដ្ឋ រួមគ្នាអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ រួមនឹងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺដ៏កាចសាហាវមួយនេះ កាន់តែរីករាលដាលខ្លាំងឡើងនេះ៕