(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំងបុត្រា បុត្រី រួមជាមួយអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប បានប្រគេនទេយ្យទានដល់ព្រះសង្ឃ ៤៦វត្ត ចំណាយអស់ទឹកប្រាក់ប្រមាណជា ៣ម៉ឺន ៥ពាន់ដុល្លារ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ នៅសណ្ឋាគារស៉ីធី-អង្គរ ដោយមានការនិមន្ត/អញ្ជើញចូលរួមពីព្រះសង្ឃ ៤៦អង្គ ក្នុងនោះមានព្រះវត្តមានព្រះមហាវិមលធម្ម ពិន សែម (សិរីសុវណ្ណោ) សមាជិកថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ និងវត្តមាន លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំ អាជីវករនាំមួយចំនួនទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ អ្នកឧកញ៉ា សៀម ណាំ បានឲ្យដឹងថា ពិធីប្រគេនទេយ្យទាននាថ្ងៃនេះ កើតឡើងដោយមានការណែនាំពីសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានឲ្យអ្នកឧកញ៉ា សហការជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីរៀបចំទេយ្យទានប្រគេនព្រះសង្ឃក្នុងក្រុងសៀមរាប ដោយហេតុថា ប្រជាពលរដ្ឋក្រុងសៀមរាប ភាគច្រើនត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ដើម្បីការពារជំងឺកូវីដ១៩ ហើយមិនបានចេញក្រៅ មិនបានយកចង្ហាន់ទៅវត្ត ដែលធ្វើឲ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ ផងដែរ។ លោកបន្តថា នេះជាសទ្ធាជ្រះដ៏ថ្លាបរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជ្ជគុណគ្រប់ព្រះអង្គបានមួយរយៈ។
អ្នកឧកញ៉ា ក៏ដូចជាអភិបាលខេត្ត បានផ្ដាំផ្ញើឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ ហើយត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារជានិច្ច ព្រោះឥឡូវខេត្តសៀមរាប មានការរីករាលដាលជាបន្តបន្ទាប់ ដែលស្ថិតក្នុងចំណោមរាជធានី-ខេត្ត ដែលក្រសួងសុខាភិបាល បានចាត់ទុកជាទីតាំងមានហានិភ័យ ផងដែរ។
សូមបញ្ជាក់ថា ទេយ្យទានដែលបានវេរប្រគេនព្រះសង្ឃទាំង ៤៦វត្ត នៅពេលនេះ មានអង្ករ មី អំបិល ប៊ីចេង ត្រីខកំប៉ុង ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកដោះគោ ស្កស ទឹកសុទ្ធ និងបច្ច័យ ១លានរៀល ក្នុងមួយវត្តៗ ដែលសរុបថវិកាលើការចំណាយ សម្រាប់ពិធីនេះ អស់ប្រមាណជា ៣ម៉ឺន ៥ពាន់ដុល្លារអាមេរិក៕