(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការកន្លែងព្យាបាលជំងឺចំនួន ៣កន្លែងស្ថិតនៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីបានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។

កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះរួមមាន៖ មន្ទីរពិសោធន៍មេឌីកាល់ ស្ថិតនៅវិថីមិត្តភាព ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, គ្លីនិកសុខសាន្ត ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមន្ទីរពិសោធន៍វេជ្ជសាស្ត្ររីដាផ្សារលើ ស្ថិតនៅផ្លូវលេខ២១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងលិខិតផ្ញើជូនទៅម្ចាស់ទីតាំងសម្រាកព្យាបាលជំងឺទាំង៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់ទីតាំងផ្អាកដំណើរជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យភ្ញៀវ ឬអ្នកជំងឺថ្មីចូលពិនិត្យ ឬព្យាបាលជំងឺឡើយ។ បន្ថែមពីលើនោះ ក៏មិនអនុញ្ញាតឱ្យអ្នកកំពុងនៅក្នុងទីតាំងទាំងនេះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ៕