(កណ្ដាល)៖ ប្រជាពលរដ្ឋជាង៤០នាក់ នៅឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដែលមានពាក់ព័ន្ធ នឹងគ្រូពេទ្យ «សាន ភីរ៉ូ» ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងក្រុមគ្រូពេទ្យជំនាញ ចុះទៅយកសំណាក ព្រមទាំងដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានរៀងៗខ្លួន។

ស្ថិតនៅក្នុងឱកាស ចុះទៅជួបប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានប្រាប់មកភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តថា បន្ទាប់ពីក្រុមការងារ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាដឹងថា ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រ ខាងលើនេះ ធ្លាប់បានជាប់ពាក់ព័ន្ធ ជាមួយនឹងលោកគ្រូពេទ្យ សាន ភារ៉ូ កន្លងមក ក្រុមការងាររួតរះ ចុះមកយកសំណាកពីពួកគាត់ និងស្នើឲ្យមានការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល ព្រមទាំងជូនអំណោយដល់ពួកគាត់ផងដែរ។

លោកអភិបាលរងខេត្ត បានបន្តថា យោងតាមការណែនាំ និងយកចិត្តទុកដាក់ខ្ពង់ខ្ពស់ ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្រុមការងារបានចុះ មកធ្វើការលើរឿងនេះ ប្រកបដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ មិនឲ្យមានការរីកសាយភាយ ជាបន្តបន្ទាប់នោះទេ។

ទន្ទឹមនឹងនេះដែរ លោក តាំង ម៉េងលាន ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលយល់ព្រមក្នុងការចូលរួមសហការ ជាមួយនឹងមន្ដ្រីពេទ្យ និងអាជ្ញាធរ ដើម្បីយកសំណាកពួកគាត់ និងការសហការល្អ ក្នុងការធ្វើចត្តាឡីស័ក ដោយគ្មានជំទាស់ឡើយ។

គូសបញ្ជាក់ថា មន្ទីរពេទ្យសម្រាកព្យាបាល «សាន ភីរ៉ូ» មានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានរកឃើញថា គ្រូពេទ្យដែលបម្រើការងារនៅទីនេះ មានកូវីដ-១៩៕