(ភ្នំពេញ)៖ លោកស្រី មៀវ ចេង ជាម្ចាស់ផ្ទះជួល១២០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រកាសបញ្ចុះថ្លៃជួលបន្ទប់ ៥០% ដល់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ទាំងអស់ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ រហូតដល់មានការជូនដំណឹងថ្មីពីសំណាក់រាជរដ្ឋាភិបាល។
ការសម្រេចបញ្ចុះថ្លៃជួលបន្ទប់របស់លោកស្រី មៀវ ចេង ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលនៅទូទាំងប្រទេសកម្ពុជា ចូលរួមជួយសម្រាលបន្ទុករបស់កម្មករ-កម្មការនី ក៏ដូចជាអ្នកជួលផ្ទះ ឬបន្ទប់របស់ខ្លួន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។
ម្ចាស់បន្ទប់ជួលចិត្តសប្បុរសរូបនេះបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ឱ្យដឹងយ៉ាងដូច្នេះថា «ស្របតាមការអំពាវនាវដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សំដៅជួយសម្រាលបន្ទុករបស់កម្មករ-កម្មការនី ក្នុងដំណាក់កាលរាតត្បាតនៃជំងឺ Covid-19 នាងខ្ញុំ មៀវ ចេង ជាម្ចាស់ផ្ទះជួល ១២០ បន្ទប់ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សូមប្រកាសចុះថ្លៃបន្ទប់ ៥០% ជូនកម្មករ កម្មការនី និងអ្នកជួលបន្ទប់ទាំងអស់ រហូតមានការជូនដំណឹងជាថ្មី អាស្រ័យលើស្ថានភាព Covid នៅប្រទេសកម្ពុជាយើង»។
គួរកត់សម្គាល់ថា មកដល់ពេលនេះ គេសង្កេតឃើញមានអ្នកមានផ្ទះជួល និងបន្ទប់ជួលជាច្រើននាក់ហើយ ដែលបានប្រកាសពីការមិនយកថ្លៃឈ្នួល និងបញ្ចុះថ្លៃជួលផ្ទះ-បន្ទប់ ពីកម្មករនិយោជិត ក៏ដូចជាអ្នកដែលកំពុងជួលផ្ទះស្នាក់នៅ និងអាជីវករលក់ដូរជាដើម ខណៈកាយវិការប្រកបដោយទឹកចិត្តសប្បុរសទាំងនោះ ពិតជាបានជួយកាត់បន្ថយការលំបាក និងការចំណាយរបស់អ្នកជួលផ្ទះ-បន្ទប់ទាំងឡាយ ក្នុងអំលុងពេលការរកចំណូលរបស់ពួកគេបានធ្លាក់ចុះ ព្រោះតែរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩នោះ៕