(កំពង់ចាម)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា មនុស្ស៥នាក់នៅខេត្តកំពង់ចាម ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។

របាយការណ៍អាជ្ញាធរខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា មនុស្សទាំង៥នាក់នោះ មាន៤នាក់ជាក្រុមគ្រួសាររបស់មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ វ៉ាន់ ណាក្រូ និងម្នាក់ទៀត ជាអ្នករស់នៅឃុំសំបូរ ស្រុកបាធាយ ឆ្លងពីកូនដែលរស់នៅរាជធានីភ្នំពេញ។

មនុស្សទាំង៥នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

*ទី១៖ ឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ (ឆ្លងពីកូននៅភ្នំពេញ)
*ទី២៖ វណ្ណា ហ្សារីន (កូនរបស់ឈ្មោះ វ៉ាន់ ណាក្រូ) ភេទស្រី អាយុ១៨ខែ
*ទី៣៖ វណ្ណា ឡូស៉ិច (កូនរបស់ឈ្មោះ វ៉ាន់ ណាក្រូ) ភេទប្រុស អាយុ៨ឆ្នាំ
*ទី៤៖ ឈ្មោះ លាង សុធារី (ប្រពន្ធឈ្មោះ វ៉ាន់ ណាក្រូ) អាយុ២៧ឆ្នាំ នៅភូមិអូរឬស្សី ឃុំអូរឬស្សី ក្រុងក្រចេះ
*ទី៥៖ ឈ្មោះ លាង ញ៉ (ឪពុកក្មេកឈ្មោះ វ៉ាន់ ណាក្រូ) អាយុ៧៥ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

សូមបញ្ជាក់ជូនថា លោក វ៉ាន់ ណាក្រូ ជាមន្រ្តីនគរបាលនៅខេត្តត្បូងឃ្មុំ បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបានបន្តចម្លងជំងឺនេះដល់ឪពុកក្មេក ប្រពន្ធ និងកូន២នាក់៕