(ភ្នំពេញ)៖ ក្រោយមានការសម្របសម្រួលពី លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះបង្ក្រាបល្បែងស៉ីសងជល់មាន់ (តាមប្រព័ន្ធអ៉ីនធឺណែត) មួយកន្លែង ដោយដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន ខណៈអ្នកមើលការខុសត្រូវ និងអ្នកលេងនាំគ្នារត់គេចខ្លួនអស់។
ប្រតិបត្តិការបង្ក្រាបល្បែងស៉ីសង ដែលដឹកនាំបញ្ជាដោយអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដឹកនាំផ្ទាល់ដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ បានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្រុមទី១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
សកម្មភាពបង្ក្រាបល្បែងស៉ីសងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ នេះដែរ មានការចូលរួមពីលោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងនគរបាលខណ្ឌ តំណាងលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ និងអស់លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, កម្លាំងនគរបាលខណ្ឌ-សង្កាត់, និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ ផងដែរ។
បើតាមការបញ្ជាក់របស់លោក ជា ពិសី នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ក្រៅពីបិទទីតាំង និងដកហូតបានវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រព្រឹត្តល្បែងស៉ីសង មានដូចជា ទូរទស្សន៍ ចំនួន០៤គ្រឿង, ម៉ាស៉ីនប្រតិបត្តិករកុំព្យូទ័រ ចំនួន០៣គ្រឿង និងក្ដារចុច ចំនួន០២គ្រឿងផ្សេងទៀត គឺបណ្ដាលឲ្យអ្នកមើលការខុសត្រូវ និងអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់ ដោយសារទីតាំងមានភាពស្មុគស្មាញច្រើន៕