(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៨៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលភាគច្រើនរកឃើញ នៅក្នុងខេត្តព្រះសីហនុ ខណៈអ្នកជំងឺចំនួន៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៨៦នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៨៤នាក់ និងជនជាតិចិន២នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្តកំពង់ចាម។
ចំណែកអ្នកជាសះស្បើយទាំង៣៤នាក់វិញរួមមាន៖ ៤នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស, ម្នាក់ជាពលករមកពីប្រទេសថៃ និង២៩នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៦៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៥៤នាក់, ស្លាប់ចំនួន១០នាក់ និង៣នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕