(កែប)៖ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យផង ដល់វត្តចំនួន៧ នៅក្នុងខេត្ត កំពុងជួបការខ្វះខាតដោយសារវិបត្តិជំងឺកូវីដ១៩។
ការចាត់ចែងប្រគេនទេយ្យវត្ថុទាំងនេះ បន្ទាប់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានទទួលដំណឹងពីការលំបាក និងខ្វះខាតនៅតាមបណ្តាវត្តទាំង៧ នៅក្នុងខេត្តកែបនវ។ មេរោគកូវីដ-១៩ ដែលកំពុងរាតត្បាត នាំឱ្យប្រជាពុទ្ធបរិស័ទមួយចំនួនធំ មិនបានទៅវត្តដូចគ្រាមុននោះឡើយ។ វត្តទាំង៧នេះ សុទ្ធសឹងជាវត្តមានសាលាពុទ្ធិកសិក្សា មានសមណសង្ឃជាច្រេីនអង្គគង់សិក្សារៀនសូត្រ ។
ទេយ្យទានរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវបានលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាង នាំយកទៅប្រគេនព្រះសង្ឃនៅតាមវត្តទាំង០៧ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរចំនួន ០២វត្ត និងក្រុងកែបចំនួន ០៥វត្ត កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។
ពិធីប្រគេនទេយ្យវត្ថុសម្រាប់វត្តទាំង៧ បានធ្វើឡើងរួមគ្នាក្នុងបរិវេណវត្តកំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តដែលទទួលបានទេយ្យទាននេះរួមមាន៖ វត្តគរគីរីវន្ត(ភ្នំព្រូស) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប, វត្តសត្ថារាជាអង្គព្រៃធំ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប, វត្តពោធិ៍ស្ថារាម ក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប, វត្តកំពង់ត្រាច ក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប, វត្តមុនីរតនៈ(កែវក្រសាំង) ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប, មជ្ឈមណ្ឌលវិបស្សនាធុរៈ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងសត្ថាធម្មវិហារ(ភ្នំពោន) ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទេយ្យទេយ្យដែលបានប្រគេនដល់ទាំង៧នេះ ក្នុងមួយវត្តទទួលបាន៖ អង្ករ ១តោន, ត្រីខ ១កេសធំ, ស្ករស ២៥គីឡូក្រាម, ប៊ីចេង ២៥គីឡូក្រាម, ទឹកត្រី៥យួរ, ទឹកសុីអុីវ ៥យួរ, ទឹកផ្លែឈើ ១០កេស, ទឹកដោះគោ ខាប់២កេសធំ, តែ២គីឡូក្រាម, មី៣កេសធំ, ថ្នាំពេទ្យ១កេស, កាហ្វេ៥កញ្ចប់ធំ, សាប៊ូ៣០ដុំ, ជែលលាងដៃ ១កេស, អំបិល ១០គីឡូក្រាម, វីតាមីនសេ ១០ប្រអប់ និងបច្ច័យក្នុងមួយវត្តៗចំនួន ២លានរៀល។
ក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន និងក្រុមការងារ បានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ក្នុងនោះមានដូចជា៖ ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម, ជែលលាង ០១កំប៉ុង, ខោអាវ ០១សម្រាប់, ថ្នាំវីតាមីនសេ ០១ដប, សាប៊ូ ០១ដុំតូច និងព្រះសង្ឃសមណសិស្ស ១៣៧អង្គ ក៏ទទួលបានស្លាដក០១ ក្នុងមួយអង្គផងដែរ។
លោក ជិន ប៊ុនធឿន ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឌី វិជ្ជា និងលោកស្រី ជូនលោកយាយ លោកតា និងក្រុមគ្រួសារ។ ក្នុងឱកាសនោះ ក៏មានការផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមគ្នាអនុវត្តវិធាន «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជនកម្ពុជា ពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ក្នុងឱកាសប្រគេនទេយ្យទាននេះ ក៏មានសប្បុរសជនជាពុទ្ធសាសនិកមួយចំនួនទៀត បានចូលរួមចាប់មគ្គផល និងប្រគេនបច្ច័យដល់ព្រះសង្ឃក្នុងវត្តទាំង៧នេះផងដែរ។ សប្បុរសជនបានចូលរួមបច្ច័យក្នុងមួយវត្តៗ ចំនួន ១០០ដុល្លាមានដូចជា៖ លោក គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងបុត្រ, លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ាន ព្រមទាំងបុត្រ, លោក ចម បូរិន្ទ និងលោកស្រី លី ដាលីន ព្រមទាំងបុត្រ, លោក ឈន ធារ៉ា និងលោកស្រី លី អក្ខរា ព្រមទាំងបុត្រ, លោក តាំង គួង និងលោកស្រី លឹម ឡេង ព្រមទាំងបុត្រ, លោក គឹង វណ្ណៈ និងលោកស្រី ព្រិន ប៊ុនម៉ាណែត ព្រមទាំងបុត្រ, លោក នុត តុន និងក្រុមគ្រួសារ។
សរុបបច្ច័យទាំងអស់ក្នុងមួយវត្តៗទទួលបាន ០៤លាន ០៨សែនរៀល៕