(ភ្នំពេញ)៖ យុវជនម្នាក់ដែលត្រូវក្រុមចោរ ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក Scoopy យកទៅបាត់នាយប់មិញ ស្ថិតនៅក្បែរវិទ្យាល័យ ឥន្ទ្រទេវី សង្កាត់បឹងកកក់ទី២ ខណ្ឌទួលគោកនោះ បានទទូចឲ្យសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថជួយស្រាវជ្រាវតាមស្វែងរក និងតាមបង្ក្រាបក្រុមចោរប្រដាប់មួយនេះ ដើម្បីឈានទៅដល់ការដកហូតម៉ូតូរបស់ខ្លួនមកវិញ ពីព្រោះទំរាំបានលុយទិញម៉ូតូ មួយគ្រឿងនេះ ពិតជាលំបាកណាស់បែរជាក្រុមចោរមកប្លន់ ដោយងាយស្រួលយ៉ាងដូច្នេះទេ។
យុវជនរងគ្រោះស៊ន ពិសិដ្ឋ ស្នាក់នៅ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខត្រូវជាក្មួយបង្កើតរបស់បុគ្គលិក Fresh News បាននិយាយថា "ពួកវាចេញមកស្ទាក់ប្លន់យកម៉ូតូខ្ញុំ យកទៅបាត់ដែលមានចំងាយប្រមាណ២០០ម៉ែត្រ ពីប៉ុស្តិនគរបាលបឹងកកក់ទី២ ហើយក៏នៅគៀកមន្រ្តីនគរបាលមួយចំនួនដែលនៅការពារគោលដៅ ហាងខារ៉ាអូខេនៅក្បែរនៅផងដែរ តែមិនអាចជួយ អន្តរាគមន៍បាន" ។
សូមបញ្ជាក់ថា យុវជនម្នាក់ត្រូវបានក្រុមចោរ២នាក់ ដកកាំភ្លើងភ្ជង់យកម៉ូតូ Scoopy ស៊េរីឆ្នាំ២០០៤ មួយគ្រឿង ទៅបាត់នៅជិត វិទ្យាល័យឥន្ទ្រទេវី ស្ថិតក្នុង សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦។
យុវជនរងគ្រោះឈ្មោះ ស៊ន ពិសិដ្ឋ បានប្រាប់ថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូ ដែលជនល្មើសប្លន់ យកទៅបាត់ម៉ាក Scoopy ពណ៌ផ្កាឈូក ស្លាកលេខភ្នុំពេញ 1BZ- 5804 ចេញពីម្តុំ ផ្សារអូឫស្សី ក្នុងគោលបំណងនៅផ្ទះ ដោយជិះតែម្នាក់ឯង លុះជិះមកដល់ក្បែរ វិទ្យាល័យឥន្ទ្រទេវី ក៏មានជនល្មើស២នាក់ជិះម៉ូតូម៉ាក Scoopy មួយគ្រឿងដែរ។
ពេលនោះ ជនល្មើសម្នាក់បានលោតចុះពីលើម៉ូតូស្ទុះមកវាយ និងដកកាំភ្លើងខ្លី ពីចង្កេះភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ជិះទៅបាត់តែម្តង។
បន្ទាប់ពីជនល្មើស ប្លន់យកម៉ូតូ ទៅបាត់ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកក់២ ទាំងសោកស្តាយ ម៉ូតូជាពន់ពេក។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៥កន្លងទៅ ប្រធានផ្នែកទីផ្សាររបស់ អង្គភាព Fresh News លោក ប៊ុត វិបុល ក៏ត្រូវចោរមួយក្រុម ប្រដាប់ដោយកាំភ្លើងដេញប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ម៉ាក Duke តែរហូតមកដល់ពេលនេះ មិនទាន់បង្ក្រាបក្រុមចោរទាំងនេះទេ ហើយម៉ូតូក៏មិនដឹងថា ទៅដល់ដែរហើយ គឺស្ងាត់ឈឹងតែម្តង។
ប្រជាពលរដ្ឋជាច្រើនដែលធ្លាប់មានរឿងបទល្មើសផ្ទាល់ខ្លួន បានរិះគន់ដល់សមត្ថកិច្ចខ្លះថា មិនសូវអើពើ និងយកចិត្តទុកដាក់ចំពោះ ការដាក់ពាក្យបណ្តឹងរបស់ជនរងគ្រោះទេ ពោលតែងតែយកពាក្យបណ្តឹងទាំងនោះទៅដាក់នៅថតតុ ហើយទុកចោល។ មន្រ្តីនគរបាលមូលដ្ឋានទៀតសោត ជាពិសេសមេប៉ុស្តិ៍តែម្តង នៅពេលមានបទល្មើសប្លន់កើតឡើង រឿងដែលត្រូវធ្វើដំបូង គឺមកនិយាយជាមួយអ្នកសារព័ត៌មានកុំឲ្យចុះផ្សាយ នាំតែដឹងដល់ថ្នាក់លើ មិនព្រមលាតត្រដាង ហើយរាយការណ៍ទៅ នគរបាលជំនាញថ្នាក់ក្រុង មកជួយសហការដើម្បីបើកការស្រាវជ្រាវនោះឡើយ ។
សេចក្តីរាយការណ៍មួយចំនួន ក៏បានលើកឡើងថា នាយនគរបាលប៉ុស្តិ៍ខ្លះអាងតែស្គាល់ និងមានថ្នាក់ដឹកនាំជាន់ខ្ពស់នៅពីក្រោយ (អាងខ្សែ) មិនស្តាប់បញ្ជាតាមខ្សែបណ្តោយ គឺអធិការនោះទេ ដូច្នេះ អធិការខ្លះ ពិតជាពិបាកធ្វើការណាស់ ពីព្រោះតែបញ្ជាមិនចេញ និងនិយាយប្រាប់ទៅពួកគេមិនស្តាប់។
ចំពោះករណីទាំងនេះ បើទុកឲ្យស្ថានភាពបែបនេះ កើតឡើងបន្តទៀត នោះប្រជាពលរដ្ឋ នឹងរងគ្រោះកាន់តែធ្ងន់ធ្ងរហើយ៕