ជូនដំណឹង! អ្នកកើតកូវីដ១៩ ធ្លាប់ទៅមន្ទីរសម្រាកព្យាបាល និងសម្ភព «វនីដា» ក្បែរសាលាសន្ធរម៉ុក នៅថ្ងៃទី២២ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក
27-03-2021 22:16
(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព «វនីដា» មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរសាលាសន្ធរម៉ុក)។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព «វនីដា» នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕