(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង ដែលបានជួយឧត្ថម្ភថវិកា ២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»។
ក្រៅតែពីអរគុណហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការកោតសរសើរចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សនៅកម្ពុជាមួយនេះផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល គ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា»។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបទសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនា នេះ បានប្រកាសពីការទិញមន្ទីរពេទ្យស្ត្រី «នគរទេព» ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ មកជាមន្ទីរពេទ្យរដ្ឋ ដោយប្តូរឈ្មោះថា «ហ្លួងម៉ែ»។ មន្ទីរពេទ្យនេះ បច្ចុប្បន្នកំពុងដាក់បម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ៕