(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ដែលការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់ស្តែង លោកស្រី ប្រុក រតនៈ អគ្គនាយិកា ក្រុមហ៊ុន CAMKO TOP DISTRIBUTOR CO., LTD ឧបត្ថម្ភថវិកាចំនួន១០,០០០ដុល្លារ, លោក តុង យូ និងភរិយា ឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ, លោក ឈាង វណ្ណា និងភរិយា ឧបត្ថម្ភថវិកា ចំនួន ៥,០០០ដុល្លារ, លោកឧកញ៉ា ឡេង ប្រុស និងភរិយា ឧបត្ថម្ភ ថវិកា ចំនួន៣,០០០ដុល្លារ, លោកឧកញ៉ា ឡេង និមល និងភរិយា ឧបត្ថម្ភ ថវិកាចំនួន ២,០០០ដុល្លារ, ក្រុមហ៊ុន ម៉ូតូ Royal Enfield Cambodia ឧបត្ថម្ភ បាយសាច់មាន់ ចំនួន១០០ប្រអប់, កាហ្វេអាម៉ាហ្សូនសាខា ជា ស៊ីម សាមគ្គី ឧបត្ថម្ភភេសជ្ជៈ ចំនួន២២០កែវ, ហាង Truedan Cambodia ឧបត្ថម្ភភេសជ្ជៈ ចំនួន២២០កែវ, ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឧបត្ថម្ភភេសជ្ជៈ Sprite ចំណុះ ១,៥លីត្រ ចំនួន១,០០០យួរ។
បច្ចុប្បន្នថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួមឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឲ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២១៤៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៣២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០០៥នាក់, ស្លាប់ចំនួន៨នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕