(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបង្កើត គណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យ «ស្ត្រីនគរទេព»។
យោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែមីនានេះ គណៈកម្មការអន្តរក្រសួងចំពោះកិច្ច មានលោក ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន ព្រមទាំងមានសមាជិកចំនួន៩នាក់ផ្សេងទៀត។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋ ដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ឈ្មោះ «ស្ត្រីនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ស្របពេលដែលមន្ទីរពេទ្យ ចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ នៅថ្ងៃនេះ។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះ ទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត»៕