(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត សម្រាប់បម្រើឱ្យវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក។
អំណោយមនុស្សធម៌ របស់សប្បុរសជន ដែលឧបត្ថម្ភផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖
១-លោក យ៉ាវ វាសនា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
២-លោក គ្រុយ ធារ៉ា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៣-លោក ឡឹប ទៀង និងភរិយា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៤-លោកឧកញ៉ា គិត ចាន់ថា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៥-លោក ឈឹម វាន់ថៃ និងភរិយា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៦-លោកជំទាវ ចាន់ គន្ធា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៧-លោកជំទាវ ទិត សុខុម និងក្រុមគ្រួសារ ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ និងអរគុណចំពោះ លោក លោកស្រី ជាសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងវិធានការ បង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅក្នុងខេត្ត ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ឱ្យទទួលបានជោគជ័យ។
លោកបានបន្ត បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏មែនពិត ប៉ុន្តែរដ្ឋបាលខេត្ត ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគនេះផងដែរ។
លោកសង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕