(កំពង់ឆ្នាំង)៖ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកឆ្លងកូវីដ១៩ កើនដល់ ២៤៧នាក់ហើយ។ នេះបើតាមមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ២៤៧នាក់នោះ កើតឡើងមកពី ៣ប្រភព រួមមាន៖

*ប្រភពទី១៖ ចំនួន ២២៩នាក់ ពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ ដែលមានកូវីដ១៩ និងបានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
*ប្រភពទី២៖ ចំនួន ១នាក់ (ជាអ្នកខេត្តកំពត) ពាក់ព័ន្ធនឹងមិត្តស្រីរបស់ខ្លួន ដែលមានកូវីដ១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបាននាំគាត់ ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១
*ប្រភពទី៣៖ ចំនួន ១៧នាក់ ពាក់ព័ន្ធនឹងពាក់ព័ន្ធជាមួយគ្រូពេទ្យ សាន ភីរ៉ូ នៃមន្ទីរពេទ្យសម្រាកព្យាបាល «សាន ភីរ៉ូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានកូវីដ១៩ និងបានទៅផ្ទះឪពុកម្ដាយរបស់នៅក្នុងភូមិក្រាំងសាម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចូលមកសាលាឃុំស្វាយជុក ដើម្បីធ្វើឯកសារដីធ្លី កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោយពីបិទផ្សារពង្រមិនឲ្យអាជីវករចូលលក់ដូរ រយៈពេលប៉ុន្មានថ្ងៃ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរភូមិឃុំ រួមទាំងសមត្ថកិច្ចមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ ជុំវិញផ្សារពង្រនោះ។

លោកវេជ្ជបណ្ឌិត គង់ ចាន់ធា ប្រធានការិយាល័យ បង្ការ និងគ្រប់គ្រងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់កិច្ចសម្ភាសនៅរសៀលថ្ងៃទី២៧ ខែមីនានេះថា ក្រោយពីមានព្រឹត្តិការណ៍ ២នាក់ ប្ដីប្រពន្ធមកពីរាជធានីភ្នំពេញមកមើលចម្ការ និងកសិដ្ឋានចិញ្ចឹមត្រីរបស់ពួកគេនៅក្នុងខេត្តកំពង់ឆ្នាំង ហើយមានការប៉ះពាល់ដោយប្រយោល និងផ្ទាល់ជាមួយក្រុមអ្នកលក់ដូរក្នុងផ្សាពង្រ ទើបអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទការលក់ដូរផ្សារពង្រ ជាបណ្ដោះអាសន្ន។

ក្រោយពីមានការបិទផ្សារពង្រ បានប៉ុន្មានថ្ងៃ លោកអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំសម្លាប់មេរោគជុំវិញបរិវេណផ្សារ និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅអមសងខាងផ្សារនេះផងដែរ។ ជាមួយគ្នានេះ លោក ខែក សុផល មេឃុំពង្រ ក៏បានប្រាប់ថា ក្រោយពីមានបាតុភាពនៃជំងឺកូវីដ-១៩ ផ្សារពង្រ ត្រូវបានបិទចាប់ពីថ្ងៃទី២៤ ខែមីនា មកដល់ពេលនេះមានរយៈពេល ៤ថ្ងៃហើយ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីបានបិទផ្សារពង្រពុំមានអាជីវករចេញចូលនោះទេ លើកលែងតែអ្នកមានផ្ទះល្វែង នៅក្នុងផ្សារនោះ បានចេញចូលបន្តិចបន្តួចតែប៉ុណ្ណោះ ធ្វើឱ្សសភាពការណ៍ក្នុងផ្សារមានការស្ងាត់ជ្រងំ និងមានការព័ទ្ធខ្សែជុំវិញទៀតផង។ ជាមួយគ្នានេះផងដែរ ក្នុងនាមអាជ្ញាធរឃុំពង្រ លោកក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលមានចំណាត់ការក្នុងការបិទផ្សារពង្របានទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរីករាលដាល
នៃជំងឺកូវីដ-១៩។

សូមជម្រាបថា អ្នកដែលពាក់ព័ន្ធនឹងប្រភពទី១ គឺពីប្តី និងប្រពន្ធមកពីរាជធានីភ្នំពេញ និងប្រភពទី២ គឺពីមិត្តស្រីរបស់ខ្លួន សរុប ២៣០នាក់ ទទួលបានលទ្ធផលលើកទី១ អវិជ្ជមានទាំងអស់ ខណៈអ្នកពាក់ព័ន្ធនឹងប្រភពទី៣ គឺពីគ្រូពេទ្យ សាន ភីរ៉ូ សរុប ១៧នាក់មិនទាន់ដឹងលទ្ធផលតេស្តនៅឡើយទេ។ ទោះយ៉ាងនេះក្តី អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅតែដាក់ពួកគាត់ក្នុងមណ្ឌលចត្តាឡីស័ក ដើម្បីតានដានបន្តឲ្យត្រឹមត្រូវ តាមវិធានការក្រសួងសុខាភិបាល៕