(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនគ្រួសារ 7NG វិហារសួគ៌ ដែលបានប្រកាសមិនយកថ្លៃផ្ទះជួល/តូបជួលចំនួន ៥០០ល្វែង/តូប ពីកម្មករ-កម្មការនី និងអាជីវករដែលស្នាក់នៅ និងលក់ដូរនៅតំបន់អភិវឌ្ឍន៍ 7NG វិហារសួគ៌ រយៈពេលបីខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ លោកអគ្គនាយកក្រុមហ៊ុនគ្រួសារ 7NG ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការនី រួមជាមួយអាជីវករ ដែលស្នាកនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG វិហារសួគ៌ ដោយឥតគិតថ្លៃចំនួន ៥០០ ល្វែង/តូប រយៈពេលបីខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ សម្រាប់អំឡុងពេលប្រទេសយើងកំពុងប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»

ការសម្រេចមិនយកថ្លៃឈ្នួលផ្ទះរបស់លោកឧកញ៉ា ស្រី ចាន់ថន ខាងលើនេះ ធ្វើឡើងក្រោយការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា មកដល់ពេលនេះ គេសង្កេតឃើញមានអ្នកមានផ្ទះ និងបន្ទប់ជួលជាច្រើននាក់ហើយ បានប្រកាសពីការមិនយកថ្លៃឈ្នួលផ្ទះ និងបន្ទប់ពីកម្មករនិយោជិត និងអាជីវករលក់ដូរ ក្នុងនោះរួមមាន៖

* ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦បន្ទប់ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

* ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលចំនួន ៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល

* ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

* ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល ៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

* ទី៥៖ លោក គី សួគ៌ ម្ចាស់បន្ទប់ជួលចំនួន ២៧១បន្ទប់ ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

* ទី៦៖ លោកឧកញ៉ា ស្រី ចាន់ថន ដែលមានផ្ទះជួល/តូបជួលចំនួន ៥០០ល្វែង/តូប នៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕