(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ លើជនជាតិចិន និងអ្នកពាក់ព័ន្ធ ដើម្បីយកសំណាក និងឲ្យធ្វើចត្តាឡីស័ក។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺទាំង៣នាក់នេះ ជាជនជាតិចិន ដែលមាននាមដូចខាងក្រោម៖
១៖ ឈ្មោះ JI ZHONG YUAG អាយុ ២៧ឆ្នាំ ជាអ្នកពិនិត្យបច្ចេកទេសនៅការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងតំបន់ SEZ ឈីលូ សង្កាត់ស្វាយប៉ោ ក្រុងស្វាយរៀង
២៖ ឈ្មោះ NI QINGWEI អាយុ ៣៤ឆ្នាំ ជាអ្នកពិនិត្យបច្ចេកទេសនៅការដ្ឋានសំណង់ របស់រោងចក្រ មួយក្នុងតំបន់ SEZ មេនហាតធេន
៣៖ ឈ្មោះ LIU WENLIN អាយុ ៥៤ឆ្នាំ ធ្វើការនៅក្នុងរោងចក្រមួយ នៅតំបន់ SEZ តាយសេង ក្រុងបាវិត។
លោក តូច ប៉ូលីវ៉ា អភិបាលខេត្តស្វាយរៀង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា សម្រាប់ជនជាតិចិនទាំង៣នាក់ ដែលរដ្ឋបាលខេត្តប្រកាសជូនដំណឹងនេះ គឺ២នាក់កំពុងសម្រាក ព្យាបាលនៅរាជធានីភ្នំពេញ (ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែមីនា ក្រោយរកឃើញវិជ្ជមាននៅភ្នំពេញ) និងម្នាក់កំពុងសម្រាកនៅខេត្តស្វាយរៀង។
បើតាមលោក តូច ប៉ូលីវ៉ា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់ខេត្តស្វាយរៀង មានឆ្លងកូវីដចំនួន៥នាក់ ក្នុងនោះស្រ្តីជនជាតិវៀតណាម២នាក់ បានជាសះស្បើយរួចហើយ និងបុរសជនជាតិចិនទាំង៣នាក់នេះ (២នាក់កំពុងសម្រាកព្យាបាលនៅភ្នំពេញ និងម្នាក់កំពុងសម្រាកព្យាបាលនៅខេត្តស្វាយរៀង)៕