(ភ្នំពេញ)៖ យុវជន២នាក់ ដែលបានធ្វើសកម្មភាព កាប់ប្រហារទៅលើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសជាទម្ងន់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ នៅមុខផ្ទះលេខ១១B សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួនហើយ។ នេះបើយោងតាមមន្រ្តីនគរបាល ខណ្ឌ៧មករា បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា គឺមានក្មេងស្ទាវ ដែលជាសិស្សសាលា យុគន្ធរ ពីរក្រុមបានធ្វើការកាប់ប្រហារគ្នា បណ្តាលឲ្យខាងសិស្សសាលាម្នាក់ ដែលជាក្រុមម្ខាងទៀត រងរបួសជាទម្ងន់ត្រូវបានដឹកយក ទៅសង្គ្រោះភ្លាមៗ។
រហូតមកដល់ថ្ងៃទី១ ខែមីនា កម្លាំងរបស់ខណ្ឌ៧មករា បានសហការជាមួយការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលក្រុងភ្នំពេញ ធ្វើការស្រាវជ្រាវនិងឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។
ជនសង្ស័យ ទី១ឈ្មោះ ប្រាក់ ចានសំណាង អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥E២ ផ្លូវង្កាត់វាលវង់ ខណ្ឌ៧មករា ទី២ឈ្មោះ សុធា វ៉ាឃឹម អាយុ១៦ឆ្នាំ ស្នាក់នៅជិតជនបង្កទី១ដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរៀបចំសំណុំរឿងកាត់ទោស ទៅតាមផ្លូវច្បាប់ ៕