(ភ្នំពេញ)៖ នៅឆ្នាំនេះទិវាមួយម៉ោងសម្រាប់ភពផែនដីត្រូវបានរៀបចំឡើង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីល្ងាច ដោយមានកម្មវិធីលើប្រព័ន្ធឌីជីថល «បណ្តាញសង្គមអនឡាញ» ក្នុងស្មារតីរួមសាមគ្គីភាព ជាមួយប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។
សម្រាប់ក្រោមប្រធានបទ «ផ្តល់ក្តីស្រលាញ់ដល់ធម្មជាតិ» ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ ផ្តោតការបញ្ជៀ្របចំណេះដឹងអំពីអត្ថប្រយោជន៍របស់ធម្មជាតិ ហើយលើកទឹកចិត្តឱ្យមានការសន្ទនាជាទូទៅនៅលើប្រព័ន្ធឌីជីថល (អនឡាញ) អំពីសារៈសំខាន់ ក្នុងការជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា និងស្វែងយល់បន្ថែមអំពីកត្តាគំរាមកំហែងនានាដែលកំពុងកើតមានឡើងជាប្រចាំចំពោះបរិស្ថានធម្មជាតិរបស់យើង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានក្រើនរឭកថា ៖ «ពេលនេះគឺជាពេលវេលាដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់និងចំណងភ្ជាប់រវាងធម្មជាតិ និងជីវៈចម្រុះ ទៅនឹងការរស់រាន និងសុខុមាលភាពរបស់យើងទាំងអស់គ្នា»។
លោកបានពន្យល់បន្ថែមថា៖ «ព្រៃឈើគឺជាសួតសម្រាប់ចម្រោះនូវបរិយាកាសកខ្វក់ ដែលជាធាតុមួយដ៏សំខាន់នៃធនធានធម្មជាតិ។ ព្រៃឈើមានតម្លៃខ្ពស់មិនអាចប៉ាន់ប្រមាណបានលើផ្នែកថែរក្សាការពារ លំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យអាកាសធាតុមានភាពកាន់តែប្រសើរឡើង ធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាបាននូវនិយ័តភាពប្រភពទឹក ការពារទីជម្រាល និងជីវៈចម្រុះ។ ព្រៃឈើជាប្រភពការពារផែនដីយើង និងជីវិតយើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវទទួលស្គាល់ នូវអន្តរទំនាក់ទំនងរវាងគុណភាពនៃធម្មជាតិនឹងសុខភាព និងសុខុមាភាពរបស់មនុស្សជាតិ»។
រដ្ឋលេខាធិការបានបន្ថែមទៀតថា៖ «រាល់សកម្មភាពចូលរួមទាំងអស់ ទោះបីតិច ឬច្រើនដែល អនុលោមតាមច្បាប់ ប្រកបដោយការទទួលខុសត្រូវ និងភាពស្មោះត្រង់ គឺសុទ្ធតែមានប្រយោជន៍ទាំងអស់ ដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សានិងការពារសម្បត្តិធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យនៅស្ថិតស្ថេរគង់វង្ស និងជួយទប់ស្កាត់ឱ្យបានកុំឱ្យជីវៈចម្រុះបាត់បង់ ក៏ដូចជាជួយកាត់បន្ថយនូវហេតុប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ សម្រាប់ជាប្រយោជន៍ដល់មនុស្ស និងធម្មជាតិ»។
សម្រាប់ការចូលរួមឆ្នាំនេះ កញ្ញា មាស សុខសោភា ជាតារាចម្រៀងល្បីនៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់សំឡេងដល់ធម្មជាតិ និងបានចែករំលែកសារអំពីបរិស្ថានលើបណ្តាញសង្គម (អនឡាញ) ហើយបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ចូលរួមចំណែកធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេទាំងអស់គ្នា។
កញ្ញា សុខ សោភា បាននិយាយថា៖ «នៅក្នុងពេញមួយជីវិតរបស់យើង យើងម្នាក់ៗមិនអាចធ្វើសុទ្ធតែរឿងធំសំខាន់ៗបានទាំងអស់នោះទេ។ ប៉ុន្តែយើងទាំងអស់គ្នាអាចប្តេជ្ញាចិត្តដើម្បីផ្តល់ការរួមចំណែកតាមរយៈសកម្មភាពតូចៗ ទាំងដោយក្តីស្រលាញ់ពេញចិត្ត សម្រាប់ជាប្រយោជន៍ដល់ធម្មជាតិ និងយើងទាំងអស់គ្នា»។
បើតាមលោក សេង ទៀក នាយកអង្គការ WWF បានពន្យល់ថា៖ «កិច្ចសហការនិងភាពជាដៃគូក្នុងយុទ្ធនាការលើប្រព័ន្ធឌីជីថល(អនឡាញ) នៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះមានលក្ខណៈពិសេសថ្មី ប្រកបដោយឥទ្ធិពល ដោយបានការចូលរួមយ៉ាងផុលផុសពីយុវជនកម្ពុជា។ នេះជាស្មារតីមួយដែលផ្តល់នូវក្តីសង្ឃឹម ក៏ដូចជាការទឹកចិត្តដល់យើង និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការសហការរួមគ្នា ដើម្បីថែររក្សា និងការពារធម្មជាតិ ទន្លេ ព្រៃឈើ ព្រមទាំងជីវៈចម្រុះដ៏ស្រស់ស្អាត និងមានតម្លៃ ជាសកលរបស់កម្ពុជា ក៏ដូចជាចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព ដែលជាទីកន្លែងដែលមនុស្សរស់នៅយ៉ាងសុខដុមជាមួយធម្មជាតិ»។
លោកនាយក បានបន្ថែមថា៖ «យើងម្នាក់ៗសុទ្ធតែមានតួនាទីក្នុងចូលរួមការពារធម្មជាតិ បរិស្ថាន និងធនធានសត្វព្រៃរបស់កម្ពុជាយើងសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងសម្រាប់ទៅថ្ងៃអនាគតជាច្រើនជំនាន់ទៀត»។ លោកបានអំពាវនាវទៀតថា៖ «សូមចូលរួមផ្តល់សំឡេង និងប្តេជ្ញាធ្វើសកម្មភាពជាវិជ្ជមាន សម្រាប់ធម្មជាតិចាប់ពីពេលនេះ»!
កញ្ញា ឈុំ ពុទ្ធាវី ប្រធានក្រុមយុវផែនដី និងជានិស្សិតនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន និងកំពុងអង្កេតឃើញការកើនឡើងនូវអត្រានៃការចូលរួមរបស់យុវជនកម្ពុជា ក្នុងកិច្ចសន្ទនាស្តីពីបរិស្ថាន ការចូលរួមក្នុងសកម្មភាពនៃការអភិរក្សជីវៈចម្រុះរបស់ប្រទេសកម្ពុជា ក៏ដូចជាការចូលរួមរបស់ពួកគេក្នុងសកម្មភាពផ្សព្វផ្សាយស្តីអំពីបរិស្ថានផ្សេងៗទៀត។
កញ្ញា ពុទ្ធាវី បាននិយាយថា៖ «ខ្ញុំប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពជាវិជ្ជមានដើម្បីការពារបរិស្ថានដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា ហើយសូមទឹកចិត្តដល់យុវជនទាំងអស់ឲ្យចូលរួមជាមួយនាងខ្ញុំ និងជាមួយប្រជាជនកម្ពុជានិងនៅលើពិភពលោកដទៃទៀត ក្នុងការរួមគ្នាធានានូវអនាគតមួយប្រកបដោយនិរន្តរភាព និងចូលរួមស្វែងរកដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ហើយរួមគ្នាបញ្ជៀសការបាត់បង់ធម្មជាតិរបស់យើង»។
សម្រាប់វិស័យឯកជន យុទ្ធនាការនេះជាវេទិកាមួយដ៏ប្រសើរសម្រាប់ពួកគេចូលរួមជាផ្នែកនៃដំណោះស្រាយចាំបាច់នានាសម្រាប់ការកសាងសង្គមប្រកបដោយសុខភាព សុខុមាលភាពល្អប្រសើរ និងមាននិរន្តរភាព ដោយផ្តល់ជាអត្ថប្រយោជន៍ត្រលប់វិញដល់ធម្មជាតិ និងប្រជាជនសហគមន៍ដែលពួកគេបានផ្តល់សេវាធុរៈកិច្ចទៅឱ្យនោះ។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ឌីជីថល (Sabay Co. LTD) បានបន្ថែមថា៖ «គុណតម្លៃនៃធម្មជាតិ និងទំនាក់ទំនងរបស់វាជាមួយសុខុមាលភាពរបស់ប្រជាជន និងសង្គមយើង បានលេចចេញមកយ៉ាងច្បាស់ ហើយបានក្រើនរឭកអំពីគ្រោះថ្នាក់ដែលមនុស្សជាតិអាចនឹងប្រឈមនៅថ្ងៃខាងមុខ ប្រសិនបើយើងមិនព្យាយាមធ្វើសកម្មភាពឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់កម្ពុជា និងភពផែនដីរបស់យើង នាពេលបច្ចុប្បន្នទេនោះ»។
លោក សិលា បានបន្ថែមទៀតថា៖ «រាល់សកម្មភាពតូច ឬធំ គឺសុទ្ធតែមានប្រយោជន៍ទាំងអស់! ខ្ញុំប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពជាវិជ្ជមានសម្រាប់ធម្មជាតិ។ សូមចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីផ្តល់អនាគតមួយប្រកបដោយនិរន្តរភាពសម្រាប់កូនចៅរបស់យើង និងមនុស្សច្រើនជំនាន់ទៅមុខទៀត»។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បាននិយាយថា៖ «សហគមន៍នៅកម្ពុជាកាន់តែច្រើនឡើងបានផ្តល់តម្លៃខ្ពស់ដល់ធម្មជាតិ ស្របនឹងការយល់ដឹងពីបរិស្ថានកាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែខ្ញុំសូមចូលរួមលើកទឹកចិត្តបន្ថែមទៀតដល់បណ្តាក្រុមហ៊ុន វិស័យឯកជន ក្រុមគ្រួសារ និងប្រជាជននៅកម្ពុជាក្នុងការផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដល់កិច្ចការពារបរិស្ថាន និងនិរន្តរភាពនៃធម្មជាតិដែលជាផ្ទះរួមរបស់យើង»។
លោក Thomas បានបន្ថែមទៀតថា៖ «ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី សូមចូលរួមជាមួយខ្ញុំក្នុងការផ្តល់សំឡេងដល់ធម្មជាតិ និងបន្តធ្វើសកម្មភាពជាវិជ្ជមានក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗដើម្បីការពារធម្មជាតិដែលគាំទ្រដល់សុខភាពសុភមង្គល និងភាពរីកចម្រើនរបស់យើងទាំងអស់គ្នា»៕