(សៀមរាប)៖ ក្រៅពីអាកាសធាតុ អាយុកាលសំណង់ រុក្ខជាតិ សត្វកណ្តៀរ ក៏ជាបញ្ហាមួយដែលបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រាង្គប្រាសាទ និងបរិក្ខារមួយចំនួនទៀត ធ្វើពីឈើសម្រាប់ប្រើប្រាស់ដូចជាជណ្តើរ បង្គោលរបា ទ្រនល់ទល់ទ្រ និងរោងសម្រាប់បម្រើក្នុងកិច្ចការអភិរក្សនៅក្នុងឧទ្យានអង្គរដែរ។
លោកស្រី នេត ស៊ីមន មន្ត្រីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នៅតាមប្រាង្គប្រាសាទសត្វកណ្តៀរបានពូនដីធ្វើជាដំបូក ចំណែកដីគឺបានពាំចេញពីក្នុងគ្រឹះ ឬបរិវេណជុំវិញប្រាសាទ។ កត្តានេះយូរៗទៅធ្វើឱ្យមានរន្ធ ឬប្រហោងដោយសារអស់ដី។ ពេលរដូវភ្លៀង ទឹកក៏បានហូរចូលក្នុងរន្ធទាំងនោះ ដែលបណ្តាលឱ្យគ្រឹះប្រាសាទស្រុត ហើយថ្មក៏ចាប់ផ្តើមរលុះធ្លាក់ និងឈានដល់ការបាក់រលំប្រាសាទតែម្តង។
លើសពីនេះទៀត សត្វកណ្តៀរបានបំផ្លាញសម្ភារមួយចំនួនដែលបានប្រើប្រាស់នៅតាមប្រាសាទ ដូចជា កម្រាលក្តារជណ្តើរ ទ្រនល់ទល់ទ្រ រោងប្រើប្រាស់ធ្វើពីឈើជាដើម។
មិនតែប៉ុណ្ណោះ សត្វកណ្តៀរបានស៊ីបំផ្លាញដើមឈើដែលភាគច្រើនដុះនៅតាមប្រាសាទមានអាយុច្រើន ដើមមួយចំនួនមានសភាពពុកផុយដោយសារតែសត្វកណ្តៀរស៊ីបំផ្លាញ ក៏បណ្តាលឱ្យបាក់រលំសង្កត់មកលើប្រាង្គប្រាសាទផងដែរ។
ជាការឆ្លើយតបចំពោះការបំផ្លាញពីសំណាក់សត្វកណ្តៀរ នាយកដ្ឋានជំនាញបានណែនាំការងារដល់ភ្នាក់ងារទេសចរណ៍ កំពុងបំពេញការងារតាមប្រាង្គប្រាសាទឱ្យយកចិត្តទុកដាក់ជួយថែទាំជាប្រចាំ តាមរយ:ការសម្អាតសម្ភារបរិក្ខារផ្សេងៗធ្វើពីឈើ ការកម្ចាត់សត្វកណ្តៀរ តាមរយ:ការលាបថ្នាំ និងការតាមដានពីដំបូក និងរន្ធផ្សេងៗទៀតដែលសត្វកណ្តៀរកំពុងកពូន ដើម្បីកាយចេញដាក់ថ្នាំកម្ចាត់ជាដើម៕