(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គក្រុមហ៊ុនសេវេនអិជី (7NG) បានសម្រេចមិនយកថ្លៃឈ្នួលផ្ទះចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ ដើម្បីសម្រាលការលំបាករបស់កម្មករ និងអាជីវករ ដែលកំពុងរងគ្រោះដោយសារការរីករាតត្បាតជំងឺកូវីដ១៩។ ផ្ទះដែលលោកឧកញ៉ា ប្រកាសមិនទទួលយកថ្លៃឈ្នួលនេះ ស្ថិតនៅតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុន ស្ថិតនៅវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការសម្រេចមិនយកថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួលនេះ បានកើតមានឡើងក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្រាប់តេជោ ហ៊ុន សែន បានចាត់ទុកកាយវិការទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏គំរូ ក្នុងការចូលរួមជួយដល់សង្គមពេលមានវិបត្តិ។
មកដល់ពេលនេះគេសង្កេតឃើញមានអ្នកមានផ្ទះ និងបន្ទប់ជួលជាច្រើននាក់ហើយ បានប្រកាសពីការមិនយកថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ និយោជិត។ ការមិនយកថ្លៃឈ្នួលផ្ទះ និងបន្ទប់ បានជួយកាត់បន្ថយការលំបាក និងការចំណាយរបស់កម្មករក្នុងកំលុងពេលការរកចំណូលរបស់ពួកគេបានធ្លាក់ចុះព្រោះវិបត្តិនៃជំងឺកូវីដ១៩នោះ។
សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ ចំពោះម្ចាស់ផ្ទះ និងបន្ទប់ជួល ដែលបានស្ម័គ្រចិត្តចែករំលែកការលំបាករបស់ពួកគេជាមួយកម្មករ និយោជិត៕