(ភ្នំពេញ)៖ ផលិតផលខ្មែរជាង៦០មុខ បានដាក់បង្ហាញតាំងលក់ ក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ក្នុងប្រទេសថៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ -២៩ ខែមីនា ឆ្នាំ២០២១។ នេះបើតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចការទូត ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបាននាំយកផលិតផលខ្មែរជាង ៦០មុខដាក់តាំងបង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះតទៅ ក្រោមព្រះរាជអធិបតីព្រះអង្គម្ចាស់ ក្សត្រីមហាចក្រី សិរិនថន៏។
ព្រឹត្តិការណ៍នេះត្រូវធ្វើឡើងរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០២១ នៅផ្សារទំនើប Siam Paragon ដោយមានការចូលរួមពីស្ថានទូតនានា នៅក្នុងប្រទេសថៃចំនួន៥១ រួមទាំងកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់សកម្មភាព មនុស្សធម៌របស់ព្រះរាជវង្សានុវង្ស នៅក្រោមគម្រោងអង្គការកាកបាទក្រហមថៃ។
គួររលឹកដែរថា ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar ត្រូវបានប្រារព្ធលើកដំបូងក្នុងឆ្នាំ១៩៦៧ បច្ចុប្បន្នព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងពេញនិយមក្នុងចំណោមប្រជាជនថៃ នឹងភ្ញៀវទេសចរបរទេស ហើយថវិកា ទាំងអស់ក៏ត្រូវបានចំណាយលើការទិញឧបករណ៍វេជ្ជសាស្រ្តជូនមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ឧបត្ថម្ភប្រជាជនក្រីក្រ ជួយព្យាបាលបបូរមាត់ឆែប និងជំងឺពិការអវៈយវៈផ្សេងៗ និងកាត់វ៉ែនតាសម្រាប់ សិស្សសាលានៅតំបន់ជនបទផងដែរ៕