(កំពង់ឆ្នាំង)៖ យោងតាមរបាយការណ៍របស់អភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មន្ត្រីសុខាភិបាលស្រុកសាមគ្គីមានជ័យ បានទៅយកសំណាកពីបុគ្គលដែលមានការពាក់ព័ន្ធ ជាមួយលោកគ្រូពេទ្យឈ្មោះ សាន ភីរ៉ូ ដែលមានវិជ្ជមានកូវីដ១៩ ហើយបានមកផ្ទះឪពុកម្ដាយរបស់នៅក្នុងភូមិក្រាំងសាម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចូលមកសាលាឃុំស្វាយជុក ដើម្បីធ្វើឯកសារដីធ្លី។
បច្ចុប្បន្នក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលផ្ទុកមេរោគកូវីត១៩ ខាងចំនួន១៧នាក់ ទាំងបានប៉ះពាល់ប្រយោល និងប៉ះពាល់ដោយផ្ទាល់ ក្នុងនោះស្រី៧នាក់ រួមទាំងលោកស្រីមេឃុំស្វាយជុក និងស្មៀនឃុំស្វាយជុក២នាក់ផងដែរ។
ដោយឡែក លោកស្មៀនឃុំស្វាយជុក ក៏បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ករណីដែលមានការពាក់ព័ន្ធជាមួយលោកអំពីជំងឺកូវីដ១៩ ខាងលើនេះ គឺនៅព្រឹកថ្ងៃទី២៦ ខែមីនា ឪពុករបស់លោក គ្រូពេទ្យ សាន ភីរ៉ូ បានកាន់ឯកសារដីធ្លីទៅឲ្យលោកដើម្បីរៀបចំឯកសារផ្សេងៗ ពេលនោះលោកបានទទួលយកឯកសារពីគាត់ តែបានអង្គុយឆ្ងាយពីគ្នាមានគម្លាតជិត ២ម៉ែត្រ បន្ទាប់ពីប្រគល់ឯកសារឲ្យលោកហើយ ១០នាទីក្រោយមក គាត់ក៏បានត្រឡប់ទៅវិញ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា នៅសាលាឃុំស្វាយជុក មានបម្រាមសម្រាប់ភ្ញៀវមកពីជិតឆ្ងាយ មុននឹងចូលមកបំពេញកិច្ចការផ្សេងៗ នៅក្នុងសាលាឃុំ ត្រូវតែចូលរួមការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយតម្រូវឲ្យពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូ ឬអាកុល ដែលលោកបានរៀបចំទុកនៅខាងមុខរួចជាស្រេច ថែមទាំងបានសរសេរបម្រាមនៅខាងមុខសាលាឃុំផងដែរ។
ករណីដែលមានការពាក់ព័ន្ធជាមួយលោកស្រីមេឃុំ និងស្មៀនឃុំខាងលើនេះ លោកស្រី ប៉ែន សោភា មេឃុំស្វាយជុក បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ថា កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ម្សិលមិញ លោកគ្រូពេទ្យ សាន ភីរ៉ូ រស់នៅភ្នំពេញ ដែលមានវិជ្ជមានកូវីដ១៩ បានជិះរថយន្តមួយគ្រឿងមានគ្នា ៤នាក់ ជាមួយនឹងភរិយារបស់គាត់ រួមទាំងឪពុករបស់គាត់ និងតៃកុងរថយន្តម្នាក់ផងដែរ បានមកសាលាឃុំស្វាយជុក ដើម្បីសួរនាំលោកស្រី អំពីរឿងសំបុត្រអាពាហ៍ពិពាហ៍ខុសឈ្មោះ ថាតើអាចកែឈ្មោះបានដែរឬទេ? ខណៈនោះដែរលោកស្រី បានឈរនិយាយជាមួយភរិយារបស់គាត់ និងលោកគ្រូពេទ្យ សាន ភីរ៉ូ ផងដែរ តែឈរនៅគំលាតពីគ្នាប្រហែលពី៣ ទៅ៤ម៉ែត្រ ពេលនោះទាំងអស់គ្នាសុទ្ធតែពាក់ម៉ាស់រៀងៗខ្លួន។
លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា គ្រួសារលោកគ្រូពេទ្យ សាន ភីរ៉ូ និងភរិយា បានធ្វើតេស្ដលើកទី២ទាំងអស់គ្នា ក្នុងនោះលោកគ្រូពេទ្យ សាន ភីរ៉ូ វិជ្ជមាន ដោយឡែកភរិយារបស់គាត់ធ្វើតេស្ត២លើកដែរ តែលទ្ធផលអវិជ្ជមាន។ ថ្ងៃដែលពួកគាត់មកពីភ្នំពេញមកផ្ទះឪពុកម្ដាយរបស់គាត់ នៅក្នុងភូមិក្រាំងសាម៉ គាត់បានចូលផ្ទះឪពុកម្ដាយរបស់គាត់ និងចូលទៅចំលងឯកសារនៅក្នុងភូមិក្រាំងសាម៉ បន្ទាប់មកក៏ចូលមកសាលាឃុំស្វាយជុក ហើយត្រឡប់ទៅភ្នំពេញវិញ។
ចំណែកប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងឃុំស្វាយជុកទាំងអស់ លោកស្រីក៏បានរៀបចំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ នឹងចាត់ឲ្យសមត្ថកិច្ចអាជ្ញាធរការពារ និងឃ្លាំមើលពួកគាត់មិនឲ្យដើរចេញទៅណារហេតរហូតនោះឡើយ។
ជុំវិញករណីខាងលើនេះលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា ពាក់ព័ន្ធករណីខាងលើនេះ កាលពីយប់ថ្ងៃទី២៦ ខែមីនា លោកបានឲ្យក្រុមគ្រូពេទ្យទៅយកសំណាក អ្នកពាក់ព័ន្ធនៅក្នុងស្រុកសាមគ្គីមានជ័យចំនួន១៧នាក់ ក្នុងនោះស្រី៧នាក់ សំណាកបានផ្ញើរទៅធ្វើតេស្តនៅភ្នំពេញតាំងតែពីយប់មិញរួចហើយ រង់ចាំមើលលទ្ធផលសិន។
សូមបញ្ជាក់ថា នៅមន្ទីរពេទ្យសម្រាកព្យាបាល «សាន ភីរ៉ូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មានអ្នកវិជ្ជមានចំនួន៥នាក់ហើយ ក្នុងនោះមានគ្រូពេទ្យ២នាក់ លោកគ្រូ សាន ភីរ៉ូ ទៅមើលជំងឺ២នាក់ទៀត៕