(ភ្នំពេញ)៖ រយៈពេលជាងមួយឆ្នាំដែលកម្ពុជារងការយាយីដោយជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏សំខាន់ក្នុងការសង្គ្រោះ ជីវិតពលរដ្ឋ និងប្រយុទ្ធលេីសមរភូមិជាមួយសត្រូវគ្មានស្រមោលកូវីដ១៩។ វីរភាពរបស់ក្រុមគ្រូពេទ្យ ត្រូវបានគេប្រសិទ្ធនាមជូនពួកគាត់ជាកងទ័ពអាវស។
មកដល់ពេលនេះគ្រូពេទ្យនៅតែប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងសមរភូមិសង្គ្រាមកូវីដ១៩នេះ។ ខាងក្រោមនេះជាសំណេររបស់គ្រូពេទ្យមួយរូប ដែលកំពុងស្ថិតនៅលេីសមរភូមិសង្គ្រោះជីវិតប្រជាពលរដ្ឋ។ សំណេរបានបង្ហាញពីការលះបង់របស់គ្រូពេទ្យ និងទទូចដល់ប្រជាពលរដ្ឋចូលរួមប្រយុទ្ធជំងឺកូវីដ១៩។
សូមអានសំណេរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វេីដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនខ្ញុំ។
កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាលចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ ទេីបខ្ញុំត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេរោគដែលយើងមេីលមិនឃេីញនេះ ព្រោះខ្ញុំក៏សង្ឃឹមថានឹងបានឆាប់ចប់ ត្រលប់ទៅជុំគ្រួសារខ្ញុំវិញដែរ។ រាល់ថ្ងៃ រត់ទាំងយប់ទាំងថ្ងៃ ឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះគេ ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដង្ហេីម ដើម្បីទទួលអ្នកជំងឺនិងដឹកយកទៅព្យាបាល។
អ្នកពាក់ម៉ាស់ថាហប់ពិបាកដកដង្ហើម តែខ្ញុំគិតថា វាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។ អ្នកថាអផ្សុកណាស់នៅក្នុងផ្ទះ មិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានា តែខ្ញុំគិតថា ការនៅផ្ទះរបស់អ្នកវាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ។ សូមអ្នកយល់ថា ជីវិតអ្នកមានតម្លៃនៅពេលជំងឺមិនទាន់មកដល់ តែពេលអ្នកឆ្លងជំងឺ អ្នកនឹងយល់ថា ការជាសះស្បើយពីជំងឺ ពិតជាមានតម្លៃណាស់។ ដូច្នេះសូមអ្នករក្សាការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនអ្នក គ្រួសារអ្នក សហគមន៍យើង និងក៏ដើម្បីខ្ញុំជាគ្រូពេទ្យដែរ។
ខ្ញុំលះបង់គ្រួសារ ស្នាក់នៅពេទ្យដើម្បីព្យាបាលអ្នកជំងឺហើយ តើអ្នកអាចជួយខ្ញុំដើម្បីកុំឱ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ? អរគុណទុកជាមុន។