(ត្បូងឃ្មុំ)៖ បុគ្គលិក និងគ្រូពេទ្យ ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ទេពនិម្មិត» ចំនួន២៤នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក ឡេង ពៅ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។
តែទោះជាយ៉ាងណា សម្រាប់មនុស្សទាំង២៤នាក់ខាងលើនេះ ត្រូវធ្វើចត្តាឡីស័កបន្ត និងស្រង់យកសំណាករង់ចាំលទ្ធផល នៅលើកទី២ជាបន្តទៀត។
ជាមួយលទ្ធផលអវិជ្ជមាននេះ មន្ទីរសម្រាកព្យាបាលខាងលើនេះ បានបន្តរក្សាអនាម័យសម្អាតជារៀងរាល់ថ្ងៃ ដោយធ្វើការបាញ់អាល់កុល និងថ្នាំសំលាប់មេរោគគ្រប់កន្លែងទាំងអស់ មិនថាខាងក្រៅ និងបន្ទប់នានា។
ដោយឡែក អ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត ដែលជាប់ពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ។ ចំណែកឯអ្នកដទៃទៀត បន្តអនុវត្តន៍ខ្ជាប់ខ្ជួននូវវិធានការណ៍ «៣ការពារ និង ៣កុំ»។
សូមជម្រាបថា មន្ទីរសម្រាកព្យាបាលនិងសម្ភពទេពនិម្មិត ក្រុងសួង បានបិទបណ្តោះអាសន្ន តាមវិធានសុខាភិបាល ក្រោយពេលរកឃើញ មន្ត្រីនគរបាលម្នាក់ឈ្មោះ ឡេង ពៅ មានវិជ្ជមានកូវីដ១៩ បានទៅសម្រាកព្យាបាលនៅទីនោះ ខណៈដែលជាមន្ទីរពេទ្យឯកជនឈានមុខគេនៅខេត្តត្បូងឃ្មុំ មានទាំងក្រុមគ្រូពេទ្យជំនាញ កន្លែងស្តង់ដារអនាម័យល្អ ពិសេសអគារ សម្ភារបរិក្ខារទំនើបៗ ខ្ទង់លានដុល្លារ៕