(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង ឱ្យដឹងថា អាជ្ញាធរបានស្រាវជ្រាវ រកមេខ្យល់ដែលបំផុសបំផុលឱ្យប្រជាពលរដ្ឋមកសាង់សងលំនៅឋានអនាធិបតេយ្យ និងហ៊ុព័ទ្ធរបងបែងចែកដីឡូតិ៍គ្នា ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅខាងកើតប្រលានយន្តហោះកោះកុង ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង យកផ្តនន្ទាទោសតាមផ្លូវច្បាប់។
ជុំវិញបញ្ហានេះ មានមតិមហាជននាំគ្នាចោទជាចម្ងល់ថា សំណង់អនាធិបតេយ្យ និងហ៊ុព័ទ្ធរបងបែងចែកដីឡូតិ៍គ្នាជាច្រើនកន្លែងយ៉ាងគឃ្លើននេះ ប្រហែលមានភ្លើងពណ៌ពីខាងណាមួយហើយមើលទៅ បានក្រុមជនខិលខូចទាំងនោះហ៊ានបំពានយ៉ាងដូច្នេះ មិនខ្លាចពីសំណាច់ច្បាប់ឡើយ។ សំណង់អនាធិបតេយ្យស្ថិតនៅខាងកើតប្រលានយន្តហោះកោះកុង ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក ឈេង សុវណ្ណដា បានឱ្យដឹងនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា៖ «សំណង់អនាធិបតេយ្យដែលមានជនខិលខូចបានសាង់លំនៅឋាន និងព័ទ្ធរបងចែងចែកគ្នាធ្វើជាកម្មសិទ្ធិនោះ គឺក្រុមការងាររបស់គណៈបញ្ជាការក្រុង បានរុះរើម្តងហើយ និងធ្វើការព្រមានម្តងមកហើយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តែក្រុមជនខិលខូចនៅតែបន្តធ្វើដដែល ហើយធ្វើរបង និងសាងសង់ផ្ទះនេះ គឺពួកជនខិលខូចលួចធ្វើនៅពេលយប់។ ប៉ុន្តែអ្វីដែលសំខាន់នៅអាជ្ញាធរ នៅតែបន្តចុះមានចាត់វិធានការរាល់ថ្ងៃ និងធ្វើការស្រាវជ្រាវ ដើម្បីរកមេខ្យល់ដែលបំផុសបំផុលមកផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់»។
លោកអភិបាលក្រុងបានបន្តថា លោកបានធ្វើរបាយការណ៍ជូនថ្នាក់ខេត្តអស់ហើយ ដើម្បីសុំគោលការណ៍ពីខេត្ត ចាត់ការបន្តមិនឱ្យមានសំណង់នេះ កើតឡើងបន្តទៀត។ លោកបានបញ្ជាក់ថា «បើតាមការស្រាវជ្រាវរបស់អាជ្ញារធរក្រុង សំណង់អនាធិបតេយ្យនេះមានមេខ្យល់នៅក្រោយខ្នង ហើយលោក នឹងសុំគោលការណ៍ពីលោកស្រីអភិបាលខេត្ត តើត្រូវមានចំណាតការយ៉ាងណា?»។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា សំណង់អនាធិបតេយ្យវាកើតមានជាលើកទី២កន្លែង ហើយជាប់របងយន្តហោះដូចគ្នាគ្រាន់តែទីតាំងខុសគ្នាដោយខាងកើតរបងយន្តហោះ និងទីតាំងទីតាំងត្បូងរបងយន្តហោះបានសម្រេច។ ប្រភពដដែលបានបន្តថា បើគ្មានភ្លើងពណ៌ទេគ្មានមេខ្យល់គ្មានអ្នកណាហ៊ានបំពាន់សាងសង់សំណង់អនាធិតេយ្យបែបនេះឡើយ៕