(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរឆក់ដ៏សកម្ម ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ និងទ្រព្យសម្បត្តិរបស់ប្រជាជនពេលនេះត្រូវបានចាប់ខ្លួនបាន៥នាក់។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា ក្រុមចោរឆក់ទាំងនេះ បានធ្វើសកម្មភាពជាច្រើនករណី ទាំងរាជធានីភ្នំពេញ និងតាមខេត្ត ហើយឆក់លើកចុងក្រោយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
លោក ម៉ន វុធី បានឲ្យថា ជនសង្ស័យទាំង៥នាក់រួមមាន៖
ទី១៖ ឈ្មោះ សុខ អ៊ុយឡា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ
ទី២៖ ឈ្មោះ រី ដាវីន អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
ទី៣៖ ឈ្មោះ ឈឹម ផ័រច័ន្ទធានី អាយុ១៥ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
ទី៤៖ ឈ្មោះ ធឿន ចំរើនថៃ អាយុ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
ទី៥៖ ឈ្មោះ ឈួន សុធារ៉ាន់ អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិយកបាត្រ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានដកហូត ម៉ូតូជិះធ្វើសកម្មភាពម៉ាកស្កុបពីសេរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IQ.3932 និងម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IC.9684។
លោក ម៉ន វុធី បានឲ្យដឹងទៀតថា ក្រោយពេលដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះនៅចំណុចកើតហេតុខាងលើ បានសម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់អស់។
ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំង កម្លាំងជំនាញបានបើកការស្រាវជ្រាវត្រឹម៨ឲថ្ងៃប៉ុណ្ណោះ ឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ មកផ្ដន្ទាទោសតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕