(វ៉ាស៊ីនតោន)៖ បេក្ខជននាំមុខក្នុងគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង លោក ដូណាល់ ត្រាំភ៍ (Donal Trump) ដែលកំពុងនាំមុខនៅគណបក្សសាធារណរដ្ឋដែរនោះ បានទទួល ពិន្ទុរៀងៗខ្លួនចំនួន ៤ ហើយក្នុងចំណោម ៧ នៅក្នុងការប្រកួតដ៏ធំអស្ចារ្យនៅថ្ងៃអង្គារ ដែលនេះបញ្ជាក់ថា អ្នកនយោបាយល្បីឈ្មោះទាំងពីររូប នឹងបន្តនាំមុខគេ ទៅរកការប្រកួតចុងក្រោយជ្រើសរើស ប្រធានាធិតីថ្មី របស់អាមេរិកនៅជិតចុងឆ្នាំ ២០១៦ ខាងមុខនេះ។
ងាកមកលើគណបក្សប្រជាធិបតេយ្យវិញ លោកស្រី គ្លីនតុន បានត្រួសត្រាយផ្លូវកាន់តែទូលាយថែមទៀត ក្រោយពី បានយកឈ្នះលើសមាជិកព្រឹទ្ធសភាលោក ប៊ឺនី សេនដឺស៍ ដែលវាបានក្លាយជាជ័យជម្នះលើកទី ៤ សម្រាប់លោកស្រី នៅក្នុងគម្រោងការយកក្តោបក្តាប់ឲ្យបាន នូវតំបន់ដ៏មានប្រជាប្រិយរបស់លោក សេនដឺស៍ នៅតាមបណ្តារដ្ឋភាគខាងត្បូង អាមេរិកដូចជា Vermont, Virginia, Georgia, Alabama, និង Tennessee ជាដើម។
នៅម៉ោង ១៖០០នាទីយប់ម៉ោងសកលថ្ងៃពុធ នេះសារព័ត៌មានជាច្រើនបានប្រកាសពីជោគជ័យរបស់លោកស្រី គ្លីនតុន ទៅលើរដ្ឋ Alabama និង Tennessee បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់នៅម៉ោង ៨៖០០នាទី យប់ថ្ងៃអង្គារ ដែលវាមានរយៈពេលតែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកស្រី បានប្រកាសជោគជ័យលើរដ្ឋ Virginia និង Georgia។
ក្រឡេកមកមើលលទ្ធផលរបស់គណបក្សសាធារណរដ្ឋវិញ លោក ត្រាំភ៍ បានយកឈ្នះលើដៃគូប្រកួតប្រជែងជា ច្រើននៅតាមបណ្តារដ្ឋដូចជា Massachusetts, Tennessee, Alabama និង ផងដែរ។ នៅក្នុងរដ្ឋចំនួន ១២ មកហើយ បើគិតពីការបោះឆ្នោតមកដល់ថ្ងៃអង្គារ ដែលត្រូវជាថ្ងៃពិសេស និង ធំធេងជាងគេនោះ លោកស្រី គ្លីនតុន និង លោក ត្រាំភ៍ ហាក់ទទួលបានការគាំទ្រ ក្នុងសន្ទុះមួយដ៏ខ្លាំងក្លា ប៉ុន្តែបើគេប្រៀបធៀបពីចំនួនអ្នកគាំទ្រវិញ លោកស្រី គ្លីនតុន កំពុងនាំមុខលោក ត្រាំភ៍៕