(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដឹកនាំថ្នាក់ដឹកនាំខេត្ត និងមន្រ្តីក្រោមឱវាទចុះពិនិត្យ និងរៀបចំទីតាំង សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកសៀមបូក ដោយសម្រេចយកសាលាបឋមសិក្សា ហ៊ុន សែន អូរឬស្សីកណ្ដាល ស្ថិតក្នុង ភូមិអូរឬស្សីកណ្ដាល ដែលមាន១២បន្ទប់ សម្រាប់ធ្វើជាកន្លែងចត្តាឡីសស័ក នៅពេលមានប្រជាពលរដ្ឋធ្វើចំណាក់ស្រុក មកកាន់ទឹកដីខេត្តស្ទឹងត្រែង។
ក្នុងនោះដែរលោក ម៉ុម សារឿន បានបញ្ជាក់ថា រដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តស្ទឹងត្រែង និងត្រូវកំណត់ឱ្យបានច្បាស់ថា ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋ ដែលមកពីរាជធានីភ្នំពេញ ឬខេត្តដទៃមានសុវត្ថិភាព និងសុខភាពល្អទាំង សម្រាប់ការរស់នៅ ប្រកបរបរ ការស្នាក់នៅ ជាពិសេសក្នុងកំលុងការរំកិលកាន់តែជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីធានាថាសហគមន៍ យើងគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សកម្មភាពចុះពិនិត្យ នាថ្ងៃទី២៦ ខែមីនា ដើម្បីរៀបចំផែនការប្រកបដោយភាពជាក់លាក់ និងទំនួលខុសត្រូវខ្ពស់ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យគ្រប់បណ្ដាខេត្តនីមួយៗ ត្រូវរៀបចំរួចជាស្រេចទាំងមណ្ឌលចត្តាឡីស័ក ឈាបនដ្ឋាន និងទីតាំងបូជាសពអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ផងដែរ៕