(ភ្នំពេញ)៖ បុគ្គលដែលបានបង្ហោះសារប្រមាថថ្នាក់ដឹកនាំ នៅតាមបណ្ដាញសង្គម Facebook ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោមបទចោទប្រកាន់ពីបទ ប៉ុនប៉ងសម្លាប់ ប្រមាថ និងបើកបរមានសារធាតុញៀន។
សូមបញ្ជាក់ថា បុគ្គលរូបនេះត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាននៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលរូបនេះ ត្រូវបានកម្លាំងជំនាញផែនសន្តិសុខស្រាវជ្រាវចាប់ខ្លួនបានហើយ នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក្រោយបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំកំពូលៗ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕