(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសិក្សា និងវាយតម្លៃលើទំហំផ្ទៃដី ៣០១ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកសំឡូត ខេត្តបាត់ដំបង សម្រាប់ធ្វើសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យសិក្សា និងវាយតម្លៃដីនេះបានធ្វើឡើងនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រុមបច្ចេកទេសនិងអាជ្ញាដែនដីមូលដ្ឋានគ្រប់ថ្នាក់ផងដែរ។
លោក ងួន រតនៈ បានឱ្យដឹងថា ការដឹកនាំក្រុមការងារបច្ចេកទេសតាមមន្ទីរជំនាញជុំវិញខេត្តបាត់ដំបង ចុះពិនិត្យសិក្សា និងវាយតម្លៃលើទំហំផ្ទៃដី ៣០១ហិកតា ស្ថិតក្នុងភូមិសាស្រ្ដ ភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ជាដីរដ្ឋមិនមានការប៉ះពាល់ដែលជាដីព្រៃរិចរិល មានផ្លូវចាស់កាលពីសម័យសង្រ្គាម នាសម័យខ្មែរក្រហម សម្រាប់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពដីនាពេលនេះ លោក ងួន រតនៈ បានបញ្ជាក់ថា នេះជាជំហ៊ានដំបូង នៃការចុះសិក្សារបស់ក្រុមការងាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់អត្តសញ្ញាណប្រភេទដីឱ្យបានច្បាស់លាស់ជៀងវាមានការប៉ះពាល់ និងទំនាស់គ្នាទៅថ្ងៃក្រោយ។
លោកក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយតាំងពីប្រភពទឹក គុណភាពដី ហើយត្រូវប្រាកដឱ្យច្បាស់ថា ដីទាំងអស់ដែលបានសម្បទានទៅ គឺដាច់ខាតមិនត្រូវប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋឡើយ មិនថាដីនោះជាដីព្រៃឈើ ហើយប្រជាពលរដ្ឋនាំគ្នាកាប់ព្រៃយកក៏ដោយ យើងមានភស្ដុតាងច្បាស់លាស់បញ្ជាក់ត្រឹមត្រូវថាដីទាំងនេះជាទ្រព្យសម្បត្តិរបស់រដ្ឋ ឬយ៉ាងណាផងដែរ៕