(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ប្រទេសកម្ពុជាដែលបានរួមតូចរហូតដល់សព្វថ្ងៃ ដោយសារតែមេដឹកនាំល្មោភស្រី ហើយថាបើសិនជាប្រជាពលរដ្ឋ នៅតែគាំទ្រ ឬនៅតែការពារមេដឹកនាំល្មោភស្រីតទៅទៀតនោះ ប្រទេសជាតិនឹងរលាយជាក់ជាមិនខាន។
តាមរយៈសារដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ លោក សួន សេរីរដ្ឋា បានលើកឡើងថា «បើនៅតែគិតថារឿងអាស្រូវស្រីញីរបស់ពួកមេដឹកនាំនយោបាយ គឺជារឿងមិនសំខាន់ជារឿងផ្ទាល់ខ្លួន ឯកជនរបស់មេដឹកនាំ ហើយនៅជួយការពារបិទបាំង ខឹងជំនួសជនល្មោភតណ្ហាទាំងនេះទៀតនោះ ប្រទេសខ្មែរដ៏កំសត់មួយ ជៀសមិនផុតពីរលាយបាត់រូប ដោយសាពួកមេដឹកនាំពាលភូមិទាំងនេះទេ»។
ការលើកឡើងរបស់ លោក សួន សេរីរដ្ឋា បានធ្វើឡើងស្របពេលដែលបណ្តាញសង្គម Facebook និងសារព័ត៌មាន បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវរឿងអាស្រូវស្នេហារបស់អ្នកដឹកនាំនយោបាយ។ Facebook បានទម្លាយខ្សែអាត់សម្លេងស្នេហា ដ៏ព្រឺព្រួចរបស់គូស្នេហ៍លួចលាក់មួយគូ ដែលគេជឿថាជាសម្លេងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ សាសង់ជាមួយនារីវ័យក្មេងដែលមានឈ្មោះហៅក្រៅថា «ស្រីមុំ»។ ហេតុដែលគេជឿបែបនេះ ក៏ដោយសារតែនៅលើទំព័រ Facebook ឈ្មោះ «Mon Srey» បានសរសេរបង្ហោះទម្លាយជាសាធារណៈ អំពីរឿងអាស្រូវស្នេហារបស់នាងជាមួយនឹង លោក កឹម សុខា។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការទម្លាយនូវខ្សែអាត់សម្លេងនេះ យុវជន និងពលរដ្ឋមួយចំនួនបានរិះគន់ទៅលើលោក កឹម សុខា ខណៈដែលយុវជន និងអ្នកគាំទ្រមួយចំនួនទៀត បានខឹងនឹងបណ្តាញសារព័ត៌មាន ក៏ដូចជាអ្នកទម្លាយនូវខ្សែអាត់សម្លេងនេះ ដោយពួកគេលើកឡើងថា ជារឿងរបស់បុគ្គល ហើយខ្លះទៀតលើកឡើងថា ជារឿងសាមញ្ញរបស់មនុស្សប្រុសទៅហើយ។
ក្នុងនាមជាអ្នកនយោបាយដែរនោះ លោក សួន សេរីរដ្ឋា បានលើកឡើងថា អ្នកនយោបាយគឺជាបុគ្គលសាធារណៈ និងជាអ្នកចូលរួម ក្នុងការសម្រេចកិច្ចការងារជាតិ ហើយត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋទាំងអស់គ្នា។ ពួកគេខុសពី បុគ្គលសាមញ្ញាមួយចំនួន។
លោកថា «សូមពលរដ្ឋខ្មែរកុំចាត់ទុកឬយល់ខុសថា រឿងអាស្រូវជាមួយស្រីញី របស់អ្នកនយោបាយជាមេដឹកនាំ គឺជារឿងបុគ្គល ជារឿងផ្ទាល់ខ្លួនឯកជន ជារឿងមិនសំខាន់ និងមិនត្រូវលើកយកមក និយាយផ្សព្វផ្សាយឲ្យសោះ។ ខ្ញុំសូមជំរាបថា អ្នកនយោបាយ ជាមេដឹកនាំគណបក្សនយោបាយ គឺជាបុគ្គលសាធារណៈ ដែលធ្វើនយោបាយដើម្បីត្រៀមខ្លួន ឡើងធ្វើជាមេដឹកនាំរបស់ប្រទេស ដែលត្រូវតែធ្វើជាគំរូល្អតាំងពីការផ្តល់សុភមង្គល ឲ្យប្រពន្ធកូនក្នុងគ្រួសារ និងស្មោះត្រង់ចំពោះប្រពន្ធដែលរៀបការពេញច្បាប់ ហើយគោរពសិទ្ធិស្ត្រីគ្រប់គ្នា»៕