(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ក្រោយធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើកុមារីអាយុ១១ខែម្នាក់ នាថ្ងៃម្សិលមិញនោះរួចមក អាជ្ញាធរបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធបឋមចំនួន ៣០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយកុមារីរូបនេះ។
កុមារីអាយុ១១ខែរូបនេះ រស់នៅជាមួយឪពុកម្ដាយដែលមានទីលំនៅក្នុងភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សាវតានៃការឆ្លងជំងឺកូវីដ១៩លើខ្លួននាង គឺមានជាប់ពាក់ព័ន្ធនឹងគ្លីនិកមេឌីកា២៤ម៉ោង ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកាលពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង ពៅ បានទៅចូលទៅព្យាបាលនៅគ្លីនិកនេះ។
ចំពោះអ្នកពាក់ព័ន្ធទាំង៣០នាក់នោះដែរ កំពុងដាក់ខ្លួនធ្វើចត្តាឡីស័កដាច់ដោយឡែកពីអ្នកដទៃ ក្រោមការរៀបចំ និងត្រួតពិនិត្យពីសំណាក់អាជ្ញាធរ។
រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀតដែលដឹងខ្លួនថាបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយកុមារី ឬឪពុកម្ដាយរបស់កុមារី ឬធ្លាប់ចេញចូលគ្លីនិកមេឌីកាខាងលើ សូមអញ្ជើញទៅឲ្យគ្រូពេទ្យយកសំណាកនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិងបំផុត ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការពាក់ព័ន្ធទៅអ្នកដទៃទៀត៕
ខាងក្រោមនេះគឺជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖