(ម៊ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីនៅថ្ងៃសុក្រ ទី២៦ ខែមីនានេះបានរាយការណ៍ឲ្យដឹងថា ប្រទេសរុស្ស៊ីចង់ពង្រឹងទំនាក់ទំនងយោធាជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីកិច្ចប្រជុំរវាងមន្រ្តីការពារជាតិជាន់ខ្ពស់ និងរបបយោធាមីយ៉ាន់ម៉ាដែលត្រូវបានថ្កោលទោសដោយប្រទេសលោកខាងលិច ចំពោះការសម្លាប់បាតុករជនស៊ីវិលរាប់រយនាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នា់ក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin បានជួបប្រជុំគ្នានៅរដ្ឋធានីណៃពិដោនៅថ្ងៃសុក្រនេះ ជាមួយមេដឹកនាំក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា គឺឧត្តមសេនីយ៍ Min Aung Hlaing ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ដែលបណ្តាលឲ្យមានការផ្ទុះបាតុកម្មតវ៉ានៅទូទាំងប្រទេសជាច្រើនសប្តាហ៍ និងមានការឆ្លើយតបយ៉ាងសាហាវពីសំណាក់អាជ្ញាធរ។
យោងតាមទីភ្នាក់ងាររុស្ស៊ី TASS ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយដែលបានធ្វើឡើង មួយថ្ងៃមុនក្បួនព្យុហយាត្រាដ៏ធំបំផុតក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីអបអរសាទរដល់ទិវាកងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ានោះ បានរាយការណ៍ថា លោក Fomin បាននិយាយថា«ប្រទេសមីយ៉ាន់ម៉ា គឺជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន និងជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអាស៊ី»។
នៅក្នុងខ្សែវីដេអូដែលបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី ត្រូវបានគេមើលឃើញថា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់យោធាមីយ៉ាន់ម៉ា ព្រមទាំងទទួលបានមេដាយ និងដាវមួយពីឧត្តមសេនីយ៍ Min Aung Hlaing ទៀតផង នៅក្នុងបន្ទប់ប្រជុំមួយដែលពោរពេញទៅដោយមន្រ្តីយោធាពាក់ឯកសណ្ឋានបៃតង។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាដ៏រឹងមាំបំផុតសម្រាប់ការគាំទ្ររបស់រុស្ស៊ីចំពោះរបបយោធាមីយ៉ាន់ម៉ា ខណៈពេលដែលបណ្តាប្រទេសលោកខាងលិចកំពុងផ្ទុះកំហឹង និងថ្កោលទោសចំពោះអំពើហឹង្សាដែលរបបយោធាបានប្រព្រឹត្តប្រឆាំងនឹងជនស៊ីវិល៕