(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្ដសុពលភាពនៃកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ដោយក្នុងនោះកម្ពុជាបន្ដទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ លើមុខទំនិញចំនួន៣១បន្ទាត់ពន្ធគយ រយៈពេល២ឆ្នាំគឺឆ្នាំ២០២១ និងឆ្នាំ២០២២។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា សម្រាប់ទំនិញ៣១បន្ទាប់ពន្ធគយ ដែលកម្ពុជានាំទៅវៀតណាម ក្នុងភាពអនុគ្រោះពន្ធមាន អង្ករ សន្លឹកថ្នាំជក់ជាដើម។
សូមជម្រាបថា នៅខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់៤៨លានដុល្លារ ខណៈការនាំចូលពីវៀតណាម មានទឹកប្រាក់រហូតដល់២៧១លានដុល្លារ។ ក្នុងនោះផលិតផលសំខាន់ៗ ដែលវៀតណាម នាំចូលកម្ពុជាមានដូចជា ដែក ប្រេងសាំង ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត។
រីឯផលិតផល ដែលកម្ពុជានាំចេញ ទៅវៀតណាមវិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផលជាច្រើនមុខទៀត៕